(ភ្នំពេញ)៖ ធនាគារ វីង បានពង្រីកសេវាហិរញ្ញវត្ថុរបស់ខ្លួន ដោយបានដាក់ឲ្យដំណើរការសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ដើម្បីផ្តល់នូវសុវត្ថិភាពបន្ថែមទៀតជូនដល់អតិថិជន សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានទទួលអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ចកាលពីពេលថ្មីៗនេះ ដើម្បីប្រតិបត្តិការផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) នៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។

តាមរយៈអាជ្ញាប័ណ្ណនេះ ធនាគារ វីង ឥឡូវនេះអាចផ្តល់ជូននូវសេវារក្សាសុវត្ថិភាព បានយ៉ាងពេញលេញជូនដល់អតិថិជនដែលរួមមាន៖ បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។

គណនី Escrow ដែលគេស្គាល់ផងដែរថាជាសេវាបរធនបាលជាគណនីកាន់កាប់មូលនិធិដោយស្របច្បាប់មួយដែលអាចការពារអ្នកលក់ពីហានិភ័យនៅពេលមានប្រតិបត្តិការទូទាត់ពីអ្នកទិញ។ ក្នុងនាមជាអ្នកកាន់កាប់មូលនិធិ និងជាអ្នករៀបចំកិច្ចព្រមព្រៀងផងដែរនោះ ធនាគារ វីង ពិតជាតួអង្គដ៏សំខាន់ក្នុងការជួយការពារ និងបង្កើនសេចក្តីទុកចិត្តរវាងភាគីអ្នកទិញ និងភាគីអ្នកលក់ ដោយប្រាកដថារាល់ដំណើរការនៃប្រតិបត្តិការទូទាត់សម្រេចបានដោយ រលូន និងជោគជ័យ។

រាល់ពេលបញ្ចេញមូលនិធិ ចេញពីគណនី Escrow ទៅកាន់ភាគីអ្នកទទួល គឺត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ដោយផ្អែកលើការបំពេញលក្ខខណ្ឌដែលបានរៀបចំទុកជាមុន ហើយមានការព្រមព្រៀងពីភាគីទាំងពីរ។ ដំណើរការប្រកបដោយភាពម៉ឺងម៉ាត់បែបនេះ គឺដើម្បីប្រាកដថា គណនី Escrow អាចការពារមូលនិធិនៅរាល់ពេលធ្វើប្រតិបត្តិការនានា មិនថាប្រតិបត្តិការពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្មក៏ដោយ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា «ការដាក់ឲ្យដំណើរការសេវាសុវត្ថិភាព គឺជាការបោះជំហានមួយដ៏សំខាន់ទៀតសម្រាប់ធនាគារ វីង ដោយបង្ហាញពីការបេ្តជ្ញាចិត្តរបស់យើងក្នុងការបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុជូនដល់អតិថិជន»

លោក ហាន ប៉េងក្វាង បានបន្តថា «ជាមួយនឹងសេវារក្សាសុវត្ថិភាព របស់យើង អតិថិជនអាចធ្វើប្រតិបត្តិការប្រកបដោយទំនុកចិត្តពេញលេញ ដោយជឿជាក់ថាមូលនិធិរបស់ពួកគាត់ត្រូវបានរក្សាដោយធនាគារ វីង យ៉ាងមានសុវត្ថិភាព ព្រោះរាល់លក្ខខណ្ឌរៀបចំទុកជាមុនទាំងអស់ត្រូវបានបំពេញសព្វគ្រប់ ដែលកត្តានេះផ្តល់នូវភាពស្ងប់ចិត្ត ហើយថែមទាំងអាចការពារផលប្រយោជន៍អតិថិជនបានយ៉ាងល្អប្រសើរផងដែរ»

សេវារក្សាសុវត្ថិភាព របស់ធនាគារ វីង គឺមានតួនាទីជាអន្តរការី (ឬភាគីទីបី) ដើម្បីជួយការពារ ដោយប្រាកដថា រាល់ការធ្វើប្រតិបត្តិការនានារវាងអ្នកលក់ និងអ្នកទិញ អាចប្រព្រឹត្តិទៅដោយភាពរលូន និងសុវត្ថិភាព។ ជាមួយនឹងការដាក់ឲ្យប្រើប្រាស់សេវាកម្មនេះ ធនាគារ វីង គឺមានគោលដៅផ្តល់នូវទំនុកចិត្តទៅដល់អតិថិជនសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។

ធនាគារ វីង ផ្តល់សេវារក្សាសុវត្ថិភាព យ៉ាងពេញលេញនិងគ្រប់ទិដ្ឋភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនរាប់ចាប់ពី បរធនបាលកិច្ចពាណិជ្ជកម្មសម្រាប់ការទិញ-លក់អចលនទ្រព្យ និងរាល់ប្រតិបត្តិការធំៗ បរធនបាលកិច្ចបុគ្គលសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងការបរិច្ចាគ បរធនបាលកិច្ចសាធារណៈនិងបរធនបាលកិច្ចសង្គមសម្រាប់គាំទ្រដល់អង្គការមិនមែនរដ្ឋាភិបាល ការបរិច្ចាគសាធារណៈ និងកម្មវិធីសប្បុរសធម៌នានា រហូតដល់បរធនបាលកិច្ចហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

សម្រាប់អតិថិជនដែលស្វែងរកការបង្កើតគណនី Escrow ជាមួយធនាគារ វីង បុគ្គលិករបស់ធនាគារបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់សេវាកម្មអតិថិជន ក៏ដូចជាផ្តល់ព័ត៌មាន ប្រកបដោយវិជ្ជាជីវៈខ្ពស់។ អតិថិជន គ្រាន់តែមកកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតបំផុត ដើម្បីទទួលបានសេវាកម្មប្រកបដោយភាពជឿជាក់ និងអាចទុកចិត្តបាន។ ជ្រើសរើសសេវារក្សាសុវត្ថិភាពរបស់ធនាគារ វីង នៅថ្ងៃនេះ ដើម្បីទទួលបាននូវភាពស្ងប់ចិត្ត និងអាចធានាបាននូវសុវត្ថិភាពសម្រាប់ការធ្វើប្រតិបត្តិការនានា។

វិស័យបរធនបាលកិច្ចនៅកម្ពុជាឋិតក្នុងដំណាក់កាលអភិវឌ្ឍដំបូងនៅឡើយ ប៉ុន្តែវិស័យនេះហាក់មានសន្ទុះកំណើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីច្បាប់ស្តីពីបរធនបាលកិច្ចត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៩ ហើយ ក្រោយមកនិយ័តករបរធនបាលកិច្ចក៏ត្រូវបានបង្កើតឡើង ដែលធ្វើឲ្យបរិយាកាសនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ចកាន់តែមានភាពទាក់ទាញ។

ជាក់ស្តែង ប្រតិបត្តិករផ្តល់សេវាកម្មក្នុងវិស័យបរធនបាលកិច្ចបានគ្រប់គ្រងមូលនិធិប្រមាណជាង ១,១ ពាន់លានដុល្លារគិតមកទល់បច្ចុប្បន្ន ហើយទំហំទឹកប្រាក់នេះត្រូវបានព្យាករណ៍ថានឹងអាចកើនដល់ ១.៥ ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកចេញផ្សាយកន្លងទៅថ្មីៗនេះ។ កត្តានេះបានបង្ហាញពីការកើនឡើងនៃតម្រូវការសម្រាប់សេវាកម្មក្នុងវិស័យបរធនបាលកិច្ច ដោយសារតែរូបវន្តបុគ្គល និងអាជីវកម្មកាន់តែច្រើនឡើង បានមើលឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មក្នុងវិស័យនេះ៕