(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទឥដ្ឋ ប្រាង្គទី២២របស់ប្រាសាទបាគង ដែលបានសាងឡើងពីឥដ្ឋនៅផ្នែកខាងជើងដោយមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល បានឱ្យដឹងថា ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះកំពុងប្រឈមនិងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។ មន្ត្រីដដែលបញ្ជាក់ទៀតថា ប្រាង្គទី២២ មានបញ្ហាប្រឈមខ្ពស់ ដោយប្រាង្គកណ្ដាលនៅរួតទី៣ ទី៤ ផ្នែកខាងលិច និងនៅតាមជញ្ជាំងប្រាង្គនាទិសឦសានមានស្នាមប្រេះហែកចេញពីគ្នាតាំងតែពីលើរហូតដល់ក្រោម ដែលអាចនឹងដួលរលំ ប្រសិនបើមានការប្រែប្រួលអាកាសធាតុ។
បច្ចុប្បន្ន ក្រុមការងារកំពុងជួយសង្គ្រោះពង្រឹងរចនាសម្ពន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គដែលរងការពុកផុយខ្លាំងតាំងពីក្រោមរហូតដល់កំពូលលើជាមួយនិងបច្ចេកទេសបិទស្នាមប្រេះនៅតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ពន្ធពាក់ពន្ធ័មួយចំនួនទៀតដោយប្រើខ្សែកាបចងគ្រីបនៅខាងក្រៅកុំឱ្យរលុះផង។
លោក សារាយ គឹមហួល ឱ្យដឹងថា ដំណាក់ដំបូងដែលត្រូវសង្រ្គោះបន្ទាន់ គឺត្រូវពង្រឹងគ្រឹះឬសង្រ្គោះត្រង់ចំណុចណាដែលមានហានិភ័យខ្ពស់ បន្ទាប់មកត្រូវសង្រ្គោះនៅកន្លែងផ្សេងៗទៀតដែលមានហានិភ័យបន្តបន្ទាប់។ ការងារមួយទៀត គឺត្រូវសម្អាតស្ងួតដោយដកយកកូនរុក្ខជាតិតូចៗដែលដុះនៅលើប្រាង្គ បោសសម្អាតដីចេញពីកន្លែងដែលត្រូវពង្រឹង បន្ទាប់ទៀត ត្រូវកោសស្លែចេញអស់ហើយ និងត្រូវសម្អាតដោយទឹកដើម្បីងាយស្រួលតភ្ជាប់ជាមួយកំបោរបាយអជាដើម។
កាលពីឆ្នាំ២០១៩មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការទល់ទ្រដើម្បីទប់លំនឹងរចនាសម្ពន្ធប្រាង្គទី២២ នៃប្រាសាទបាគងនេះដែរ៕