(ភ្នំពេញ)៖ បទបញ្ញត្តិច្បាប់ និងភស្តុតាង គឺជាមូលដ្ឋានសំខាន់ក្នុងការវិនិច្ឆ័យសេចក្ដី ដើម្បីឱ្យតុលាការរដ្ឋប្បវេណីធ្វើសេចក្ដីសម្រេចត្រឹមត្រូវ និងយុត្តិធម៌ជូនភាគីក្នុងរឿងក្ដី ។ ក្នុងនោះផងដែរ ភស្តុតាងដែលជាបុគ្គលគេហៅថា «សាក្សី» ។ សាក្សី គឺជាតួអង្គសំខាន់ក្នុងការផ្តល់នូវសក្ខីកម្មជូនតុលាការ ក្នុងព្រឹត្តិការណ៍ដែលខ្លួនបានឃើញ បានដឹង ឬបានឮ អំពីអង្គហេតុរបស់គូភាគីដែលបានកើតឡើង ។
ដូច្នេះដើម្បីយល់ឱ្យកាន់តែច្បាស់ តើនីតិវិធីនៃការសាកសួរសាក្សីនៅក្នុងរឿងក្តីរដ្ឋប្បវេណី ប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ?
សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «សាក្សីនៅក្នុងរឿងក្តីរដ្ឋប្បវេណី» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់គ្នា ដូចខាងក្រោម។
យោងតាមស្មារតីនៃមាត្រា ១៣២ កថាខណ្ឌ១ នៃក្រមនីតិវិធីរដ្ឋប្បវេណីបានបញ្ញត្តិថា៖ លើកលែងតែក្នុងករណីដែលមានកំណត់ពិសេសនៅក្នុងក្រមនេះ ឬច្បាប់ផ្សេងទៀត តុលាការអាចសាកសួរជនណាមួយជាសាក្សីក៏បាន ត្រង់ចំណុចនេះមានន័យថា បុគ្គលគ្រប់រូបត្រូវមានកាតព្វកិច្ច ចូលខ្លួនទៅតុលាការ ដើម្បីឆ្លើយជាកសិណសាក្សី នៅពេលដែលតុលាការកោះហៅ លើកលែងតែមានការកំណត់ពិសេសនៅក្នុងក្រមនេះ ឬច្បាប់ផ្សេងទៀត ។
ជាគោលការណ៍ សាក្សីដែលត្រូវបានកោះហៅដោយតុលាការ នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ និងត្រូវធ្វើសម្បថតាមការកំណត់របស់តុលាការ ។ សាក្សីត្រូវឆ្លើយប្រាប់តុលាការ នូវអង្គហេតុដែលខ្លួនបានជួបផ្ទាល់ ហើយមិនអាចឱ្យអ្នកផ្សេងឆ្លើយជំនួសខ្លួន និងមិនអាចយកឯកសារមកអានធ្វើជាមូលដ្ឋានឡើយ ។
ក្នុងករណី ដែលសាក្សីមិនព្រមចូលខ្លួនមកតុលាការដោយគ្មានមូលហេតុត្រឹមត្រូវ តុលាការអាចបង្គាប់ឱ្យនាំខ្លួនសាក្សីនោះ តាមដីកាសម្រេចបាន និងអាចត្រូវពិន័យជាប្រាក់មិនលើសពី ១.០០០.០០០ (មួយលាន) រៀល ថែមទៀតផង ។ ចំពោះការសាកសួរសាក្សីជាមន្រ្តីរាជការ ឬអតីតមន្ត្រីរាជការ អំពីកិច្ចការសម្ងាត់ក្នុងមុខនាទីនោះ តុលាការត្រូវទទួលការយល់ព្រមពីសំណាក់ស្ថាប័នដែលគ្រប់គ្រងលើសាក្សីនោះជាមុនសិន ។ បន្ថែមពីនេះ សាក្សីមានសិទ្ធិបដិសេធក្នុងការផ្តល់ចម្លើយជាកសិណសាក្សីបាន ប្រសិនបើការផ្តល់ចម្លើយរបស់សាក្សី ធ្វើឱ្យសាមីខ្លួន ឬសហព័ទ្ធ ឬញាតិឯទៀតរបស់សាក្សី ទទួលរងគ្រោះនូវការចោទប្រកាន់ពីបណ្តឹងអាជ្ញា ឬទទួលការផ្តន្ទាទោស ឬមានការពាក់ព័ន្ធជាមួយនឹងការសម្ងាត់ក្នុងបច្ចេកទេស ឬវិជ្ជាជីវៈ ប៉ុន្តែមូលហេតុនៃការបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សី ត្រូវធ្វើជាសេចក្តីបញ្ជាក់ដំបូង ចំណែកឯតុលាការវិញ ត្រូវសម្រេចយកសេចក្តីនោះជាមូលដ្ឋាន ។
គួរបញ្ជាក់ផងដែរថា ការសាកសួរសាក្សី ត្រូវធ្វើឡើងនៅតុលាការដែលចាត់ចំណាត់ការលើបណ្តឹងនោះ នៅក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ (សវនាការ) ដែលបើកឡើងជាសាធារណៈ ក៏ប៉ុន្តែក្នុងករណីដែលសាក្សីមិនអាចបង្ហាញខ្លួនចំពោះមុខតុលាការដោយសារជម្ងឺ ឬដោយសារចាស់ជរា តុលាការអាចធ្វើការសាកសួរពិសេសនៅក្រៅតុលាការ ដែលតុលាការអាចឱ្យចៅក្រមម្នាក់ក្នុងចំណោមចៅក្រមដែលជាសមាជិកនៃក្រុមប្រឹក្សាជំនុំជម្រះ ឬចៅក្រមនៃតុលាការផ្សេង ធ្វើការសាកសួរសាក្សីបាន ។
ដោយឡែក ការសាកសួរសាក្សីម្នាក់ ត្រូវធ្វើឡើងតាមលំដាប់លំដោយ ប៉ុនែ្តការសាកសួរសាក្សីតាមលំដាប់នេះ អាចផ្លាស់ប្តូរបាន ប្រសិនបើតុលាការយល់ឃើញថា មានភាពត្រឹមត្រូវ ។
ទន្ទឹមនឹងនេះ បើសិនតុលាការយល់ឃើញថាមានភាពចាំបាច់ តុលាការអាចអនុញ្ញាតឱ្យសាក្សីដែលបម្រុងនឹងត្រូវសាកសួរ ឬសាក្សីដែលបានសាកសួរហើយឱ្យនៅក្នុងសាលសវនាការបាន និងបង្គាប់ឱ្យសាកសួរសាក្សីផេ្សងៗទៀត នៅក្នុងពេលតែមួយបាន ។ ចំណែកឯការកម្រិតការសាកសួរសាក្សី ត្រូវធ្វើដាច់ដោយឡែក និងច្បាស់លាស់ បើពុំដូច្នេះទេសាក្សីអាចផ្តល់ចម្លើយវែងហួសហេតុ ប្រាសចាកទៅនឹងចំណុចដែលពាក់ព័ន្ធនឹងចំណុចវិវាទ ដូច្នេះតុលាការអាចកម្រិតនូវសំណួរ តាមពាក្យសុំ ឬដោយឆន្ទានុសិទ្ធិបាន ។
សរុបសេចក្តីមក ការសាកសួរសាក្សីក្នុងរឿងក្ដីរដ្ឋប្បវេណី គឺជាការពិនិត្យភស្តុតាងដែលធ្វើឡើងដោយតុលាការ ក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ (សវនាការ) ដើម្បីទទួលនូវភស្តុតាងដែលយកសាក្សីមកធ្វើជាភស្តុតាងក្នុងការឆ្លើយជាកសិណសាក្សី អំពីអង្គហេតុដែលខ្លួនបានជួបផ្ទាល់នោះ តាមពាក្យសុំ ឬដោយឆន្ទានុសិទ្ធិរបស់តុលាការ ។ ហើយការសាកសួរសាក្សី គឺជានីតិវិធីមួយ ដែលមានគោលបំណងទទួលយកនូវធនធានភស្តុតាងដោយយកសាក្សីជាកម្មវត្ថុនៃការពិនិត្យ ។
រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងកញ្ញា ម៉េង សៀវយី ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕