(ភ្នំពេញ)៖ ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនមេន (Wonder Film) និងផលិតកម្ម អឺរ៉ាយ ភីកឈ័រ ដែលជាផលិតកម្មផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា មានកិត្តិយសបានចុះកិច្ចព្រមព្រៀងចាប់ដៃគូសហការគ្នា ជាមួយក្រុមហ៊ុន Tham Studio19 ដែលជាក្រុមហ៊ុនផលិត និងចែកចាយភាពយន្តនៅឯប្រទេសថៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
កិច្ចព្រមព្រៀងរវាង វ័នឌើរហ្វីម និង អឺរ៉ាយ ភីកឈ័រ ជាមួយ Tham Studio19 ត្រូវធ្វើឡើងដើម្បីបង្កើតទម្រង់ នៃក្របខ័ណ្ឌកិច្ចព្រមព្រៀងផ្លូវការ ជាកិច្ចព្រមព្រៀងរវាងភាគី ដើម្បីធ្វើការរួមគ្នាក្នុងលក្ខណៈ ដែលលើកកម្ពស់បរិយាកាស នៃកិច្ចសហប្រតិបត្តិការពិតប្រាកដសម្រាប់ប្រសិទ្ធភាព ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព និងអត្ថន័យនៃភាពជាអ្នកដឹកនាំ ដើម្បីការពារ និងនិរន្តរភាព និងកិច្ចសន្ទនាប្រកបដោយជំនាញក្នុងការផលិត និងចែកចាយភាពយន្ត។ ការផ្លាស់ប្តូរវប្បធម៌មិនរើសអើង លើគ្រប់បញ្ហាដែលទាក់ទងនឹងគម្រោងផ្សេងៗ ដើម្បីពង្រីកឲ្យកាន់តែទូលំទូលាយ នៅក្នុងទីផ្សាក្នុងស្រុក និងអន្តរជាតិ។
សម្រាប់ការចុះកិច្ចសហប្រតិបត្តិការនេះ ក៏បានសម្រេចនូវសមិទ្ធផល នាំយកខ្សែភាពយន្តខ្មែររបស់ ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន គឺរឿង «កំណើតអរូប The RITUAL:BLACK NUN» ជាប្រភេទភាពយន្តរន្ធត់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា ដែលភាពយន្តនេះគ្រោងនឹងបង្ហាញខ្លួននៅប្រទេសឡាវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក៏ដូចជានៅប្រទេសថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ ជាមួយគ្នានេះផងដែរ វ័នឌើរហ្វីម ក៏មានគ្រោងនាំយកខ្សែភាពយន្តមួយទៀត គឺរឿង «កុំដេក / Don’t Sleep» ទៅនឹងចាក់បញ្ចាំងនៅដើមឆ្នាំ២០២៤។
ផលិតករ និងជាម្ចាស់ផលិតកម្ម Wonder Film លោក សែម វិសាល បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា តាមរយៈការចាប់ដៃគូសហការគ្នានៅពេលនេះ យើងសង្ឃឹមថា យើងនឹងបន្តសហការគ្នាឲ្យកាន់តែខ្លាំង ក្នុងការចែកចាយភាពយន្តខ្មែរ ទៅបានកាន់តែទូលំទូលាយ និងអភិវឌ្ឍន៍គម្រោងផលិតភាពយន្តរួមគ្នា នាពេលអនាគតបន្តទៅមុខទៀត។
លោកបន្តថា នេះចាត់ទុកជាជំហានថ្មីមួយទៀតរបស់ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រ ដែលប្រកាន់ខ្ជាប់ទស្សនៈ និងចក្ខុវិស័យរបស់ខ្លួន ក្នុងការនាំយកភាពយន្តខ្មែរ ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាការនាំយកនូវភាពទំនើប នៃភាពយន្តពីអន្តរជាតិមកជួយជំរុញឧស្សហកម្មភាពយន្តខ្មែរ ឲ្យកាន់តែរីកចម្រើនទៅមុខ។
លោក សែម វិសាល បានសង្កត់ធ្ងន់ថា ហេតុដូច្នេះហើយ ទើបច្រើនឆ្នាំមកនេះ វ័នឌើរហ្វីម នៅតែក្រាញ់ននាល ក្នុងវិស័យភាពយន្តខ្មែរ ទោះអំឡុងពេលដ៏ពិបាកនៃការត្បាតជំងឺកូវីដ១៩ នៅលើសកលលោក រួមទាំងកម្ពុជា ក៏វ័នឌើរហ្វីម នៅតែរិះរកគ្រប់មធ្យោបាយ ដើម្បីផលិតភាពយន្តឲ្យមានគុណភាព ត្រៀមវាយលុកចូលទីផ្សារអន្តរជាតិ ដូចអ្វីដែលកំពុងធ្វើនៅពេលនេះ៕