(អាមេរិក)៖ John Cena តាមរយៈការផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះ បានសុំការអធ្យាស្រ័យចំពោះ Dwayne Johnson ហៅ «The Rock» ដែលកន្លងមកលោកបានរិះគន់លោក Johnson វ័យ៥១ឆ្នាំ ដោយអះអាងថា Johnson ងាកមករកអាជីពកីឡាកាស ដើម្បីអាចបោះជំហានក្លាយជាតារាសម្តែង ប៉ុន្តែពេលនេះ Cena បានសារភាពថា ខ្លួនពិតជាមានការនិយាយខុស ចំពោះរឿងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
Cena ដែលបានផ្លាស់ប្តូរ ចូលទៅអាជីវកម្មភាពយន្តផងដែរនោះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់ WWE ថា «ខ្ញុំបាននិយាយរិះគន់អំពីរឿងនេះ គឺខុស។ ខ្ញុំបានរំលោភលើការទុកចិត្តរបស់គាត់ ហើយខ្ញុំបានចោទប្រកាន់ ពីទស្សនៈរបស់គាត់ដែលខ្ញុំមិនដឹងអ្វីទាំងអស់។ ខ្ញុំជាអ្នកគាំទ្រ ខ្ញុំចង់ឲ្យ The Rock ត្រឡប់មកវិញ (នៅក្នុង WWE) ខ្ញុំចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបាន The Rock ត្រឡប់មកវិញ ប៉ុន្តែខ្ញុំបានធ្វើជ្រុលទៅហើយ»។ កីឡាកាសរូបនេះបានទទួលស្គាល់ថា ការបញ្ចេញមតិរបស់លោក គឺពិតជាមិនសមរម្យទាល់តែសោះ។
តារាសម្តែង និងជាកីឡាកាសលោក John Cena បានសង្កត់ធ្ងន់ថា «ទីបំផុតអ្វីដែលខ្ញុំមើលងាយគេ គឺបានធ្លាក់មកលើខ្លួនឯង។ ខ្ញុំឃើញទស្សនៈនោះហើយ ខ្ញុំយល់ពីវា។ ជាបទពិសោធន៍សិក្សាដ៏អស្ចារ្យមួយ ពីកំហុសរបស់ខ្ញុំដែលមានជម្លោះជាមួយ The Rock»។
គួរជម្រាបថា John Cena បានផ្អាកអាជីពសម្ដែង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចំពេលដែលតារាសម្ដែងនៅហូលីវូដ កំពុងមានកូដកម្ម។ ទោះជាយ៉ាងណាណា លោកមានគម្រោងវិលត្រឡប់ មកកាន់វិស័យភាពយន្តវិញ នាពេលខាងមុខនេះ៕