(បរទេស)៖ ថ្មីៗនេះសេវាកម្មស្រ្ទីមតន្រ្តី Spotify បានប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសទី៣ នៃឆ្នាំ២០២៣ របស់ខ្លួនដែលកំពុងមានសន្ទុះជាខ្លាំង ដែលជាលទ្ធផល Spotify រកប្រាក់ចំណូលបាន ខ្ទង់ ៣៤លានដុល្លារ និងរកប្រាក់ចំណេញសរុបបានរហូតដល់ខ្ទង់ ៦៩លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMAreana នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
របាយការណ៍ទាំងប្រាក់ចំណូល និងប្រាក់ចំណេញរបស់ Spotify ក្នុងត្រីមាសទី៣នេះ កំពុងបង្ហាញពីការកើនឡើងជាប្រវត្តិសាស្រ្ត និងលុបការខាតបង់ដែលសេវាកម្មស្រ្ទីមតន្រ្តីនេះបានជួបប្រទះកាលពីឆ្នាំមុន។ ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះគឺ ការកើនឡើងប្រាក់ចំណេញរបស់ Spotify ស្របពេលដែលអាជីវកម្មនេះកំពុងដំឡើងថ្លៃជាវរបស់ខ្លួនខ្ពស់ដល់ទៅ ១៩.៩៩ដុល្លារក្នុងមួយខែផងដែរ។
យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា អតិថិជនដែលប្រើប្រាស់សេវាកម្មបង់ប្រាក់របស់ Spotify បានកើនឡើងខ្ទង់ ៣ភាគរយបើធៀបនឹងត្រីមាសទី២ នឹងកើនឡើង ១៦ភាគរយ បើធៀបនឹងត្រីមាសទី៣ ដូចគ្នាកាលពីឆ្នាំ២០២២។ ដោយគិតជាចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែរបស់ Spotify សរុបទាំងបង់ប្រាក់ និងប្រើមុខងារឥតគិតថ្លៃកើនឡើងដល់ ៥៧៤លាននាក់ ដែលជាចំនួនកើនឡើងប្រហែល ៤ភាគរយពីមួយត្រីមាសទៅមួយត្រីមាស និងកើនឡើងប្រហែល ២៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ដែរថា Spotify គឺជាតន្ត្រីឌីជីថល ផតខាស និងសេវាកម្មស្ទ្រីមវីដេអូ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវការចូលប្រើបទចម្រៀង ផតខាស និងវីដេអូរាប់លានពីសិល្បករទូទាំងពិភពលោក។ អ្នកប្រើប្រាស់ឥតគិតថ្លៃអាចស្តាប់តន្ត្រី និងផតខាសជាមួយនឹងការផ្សាយពាណិជ្ជកម្ម ខណៈពេលដែលអ្នកប្រើប្រាស់គណនី Premium ឬគណនីបង់ប្រាក់អាចស្តាប់បទចម្រៀងរាប់លានបទដោយគ្មានពាណិជ្ជកម្ម និងអាចទាញយកបទចម្រៀងសម្រាប់ការស្តាប់ដោយគ្មានអ៊ីនធឺណិត និងទទួលបានសំឡេងគុណភាពខ្ពស់៕