(បរទេស)៖ តារាល្បីៗក្នុងជួរហូលីវូដ បានចាប់ផ្តើមសកម្មភាពសិល្បៈរបស់ខ្លួនវិញហើយ បន្ទាប់ពីកូដកម្មដែលអូសបន្លាយពេល៤ខែបានបញ្ចប់ ខណៈថ្មីៗនេះ គេឃើញមានតារាល្បីៗជាច្រើន បានបង្ហាញខ្លួនលើកម្រាលព្រំក្រហម នៃពិធីសម្ពោធបញ្ចាំងរឿង «The Hunger Games» វគ្គថ្មីឡើងវិញ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yahoo។
ខ្សែភាពយន្ត «The Hunger Games» វគ្គ The Ballad of Songbirds and Snakes នឹងរៀបរាប់ពីព្រឹត្តិការណ៍ដែលកើតឡើងរយៈពេល ៦៤ឆ្នាំ មុនព្រឹត្តិការណ៍ក្នុងខ្សែភាពយន្តដែលសម្តែងដោយ Jennifer Lawrence ដោយនឹងបង្ហាញពីការងើបឡើង នៃវត្តមានមេដឹកនាំផ្តាច់ការ Coriolanus Snow (ខូរីអូឡេនើស ស្នូ)។ ក្រោយការសម្ពោធភាពយន្តនេះ នឹងចេញបញ្ចាំងផ្លូវការនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកាតទៅ។
ការសម្ពោធរឿងនេះ គឺបន្ទាប់ពីប៉ុន្មានខែមុនមានការធ្វើកូដកម្មនៅហូលីវូដ បានធ្វើឲ្យការថតភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើនត្រូវផ្អាក ហើយកម្មវិធីសម្ពោធភាពយន្តថ្មីៗ ក៏ត្រូវបានផ្អាកដូចគ្នា ធ្វើឲ្យការសម្ពោធភាពយន្ត «The Hunger Games» វគ្គថ្មីកាលពីចុងសប្ដាហ៍កន្លងទៅ បានក្លាយជាការស្វាគមន៍ការវិលត្រឡប់ របស់តារាភាពយន្តមកកាន់កម្រាលព្រំក្រហមម្ដងទៀត។
គួរជម្រាបថា សហជីពតារាសម្ដែងហូលីវូដហៅកាត់ SAG-AFTRA បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ជាមួយស្ទូឌីយោធំៗ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ដើម្បីដោះស្រាយបញ្ហាកូដកម្ម ដែលបានធ្វើឲ្យកក្រើកទូទាំងឧស្សាហកម្មកម្សាន្តហូលីវូដ ខណៈទាំងអ្នកនិពន្ធ និងតារាសម្ដែងនាំគ្នាតវ៉ាទាមទារការឡើងប្រាក់ឈ្នួល ក្នុងយុគសម័យទូរទស្សន៍អនឡាញ និងការធានាថា ការងាររបស់ពួកគេនឹងមិនត្រូវបានជំនួស និងកេងចំណេញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នោះឡើយ៕