(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះចំនួន ៦ភាគយរយបន្ថែមទៀតគិតត្រឹមការជួយដូរចុងក្រោយនេះ។ ខណៈក្រុមហ៊ុន កំពុងបន្តព្យាករណ៍ថា វិបត្តិសេដ្ឋកិច្ចនឹងបន្តប៉ះពាល់កាន់តែខ្លាំងឡើងដល់ការលក់រថយន្តក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយនេះ ក្រុមហ៊ុន Telsa បានរាយការណ៍ពីកំណើនប្រាក់ចំណូលសរុបនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ កន្លងទៅបានកើនឡើងត្រឹមតែ ៣ភាគរយប៉ុណ្ណោះដែលទទួលបានសរុបចំនួ ២៤.៣ពាន់លានដុល្លារ ដែលទាបជាងការប៉ាន់ស្មាន ខណៈប្រាក់ចំណូលដែលទទួលបានពីការលក់រថយន្តកើនឡើងត្រឹមតែ ១ភាគរយប៉ុណ្ណោះបើធៀបទៅនឹងឆ្នាំ២០២២។

យ៉ាងណាមិញតាមរយៈការលក់ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ក្រុមហ៊ុនអាមេរិក Tesla បានព្រមានថា កំណើនបរិមាណរថយន្តនៅក្នុងឆ្នាំ២០២៤នេះ «អាចនឹងទាប» ជាងអត្រាកំណើនកាលពីឆ្នាំមុន។ ទាំងនេះក៏ដោយសារតែ រថយន្តអគ្គិសនីដែលផលិតចេញពីប្រទេសចិន ជាពិសេសដូចជា BYD ជាដើមកំពុងបន្តនាំមុខនៅលើទីផ្សារពិភពលោក។

គួរជម្រាបដែរថា មូលហេតុនៃការធ្លាក់ចុះភាគហ៊ុនរបស់ Tesla គឺបណ្តាលមកពីការខកខានការំពឹងទុករបស់អ្នកវិភាគកាលឆ្នាំ២០២៣ កន្លងទៅ, កំណើនប្រាក់ចំណូលទាប, កំណើនផ្នែកលក់រថយន្តធ្លាក់ចុះ ជាមួយនឹងកត្តាទាំងនេះរួមបញ្ចូលគ្នា អ្នកវិភាគបានកែប្រែការព្យាករណ៍របស់ពួកគេសម្រាប់ដំណើរការឆ្នាំ២០២៤ របស់ក្រុមហ៊ុន Tesla ដែលវិនិយោគិនខ្លះថែមទាំងទម្លាក់ចំណាត់ថ្នាក់ភាគហ៊ុនរបស់ពួកគេទៀតផង។ ខណៈដែលអារម្មណ៍អវិជ្ជមានទាំងនេះ បានជំរុញឱ្យតម្លៃភាគហ៊ុនធ្លាក់របស់ Tesla បានធ្លាក់ចុះជាបន្តបន្ទាប់ នឹងបន្តរហូតដល់ ៦ភាគរយ៕