(ភ្នំពេញ)៖ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសចាប់ដៃគូគ្នា ផ្សព្វផ្សាយសារការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ
ដើម្បីជំរុញលើកទឹកចិត្តអតិថិជនឱ្យមានស្មារតីទទួលខុសត្រូវដោយមិនត្រូវពិសាគ្រឿងស្រវឹងហើយបើកបរនោះឡើយ ។
ភាពជាដៃគូរយៈពេលមួយឆ្នាំនេះត្រូវបានដាក់ដំណើរការស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ ឆ្នាំដែលក្រុមហ៊ុននេះបើកដំណើរការនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៤ នេះ។ សកម្មភាពនេះជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។
ពិធីសម្ពោធជាផ្លូវការនៃភាពជាដៃគូរយៈពេលមួយឆ្នាំរបស់ក្រុមហ៊ុនទាំងពីរកាលពីថ្ងៃទី ២៦ ខែមករា នៅហាង Oxygen Pub ធ្វើឡើងក្រោមវត្តមាន លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។
លោក ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងថា ក្រសួងពាណិជ្ជកម្ម គាំទ្រដល់សកម្មភាពនៃការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវតាមរយៈយុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ព្រោះយុទ្ធនាការនេះមានសារសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ក៏ដូចជាការបង្កើនការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ឲ្យរីករាយជាមួយនឹងការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ ពោលគឺ មិនប៉ះពាល់សុខភាព មិនបង្កផលប៉ះពាល់ខ្លួនឯង និងអ្នកដទៃ។
លោកបន្តថា«ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាវេទិកាមួយដើម្បីឱ្យវិស័យឯកជន និងសាធារណៈរដ្ឋសហការគ្នាក្រោមគោលដៅតែមួយគឺ បង្កើតវប្បធម៌នៃការទទួលទានប្រកបដោយការទទួលខុសត្រូវ»។
ភាពជាដៃគូរវាងក្រុមហ៊ុនហ៊ិននីគែន និង Grab នេះនឹងដាក់ដំណើរការរយៈពេលមួយឆ្នាំពេញដែលរួមមានយុទ្ធនាការគ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយសារអំពីការ «ពិសាដោយការទទួលខុសត្រូវ» ដល់អតិថិជនរបស់ Grab កម្មវិធីប្រូម៉ូសិនរបស់ Grab សម្រាប់ការធ្វើដំណើរមានសុវត្ថិភាពជាងមុន ក្នុងឱកាសចូលរួមកម្មវិធីសង្គម កម្មវិធីដែលរៀបចំដើម្បីធ្វើឱ្យការពិសាមានកម្រិតសមស្រប (Make moderation cool) នៅពេលចូលរួមកម្មវិធីសង្គម ការជំរុញការលក់ និងដឹកជញ្ជូនស្រាបៀរដោយការទទួលខុសត្រូវតាមកម្មវិធី Grab ក៏ដូចជាឱកាសបង្កើនជំនាញសម្រាប់ដៃគូបើកបររបស់ Grab ជាដើម ។
កម្មវិធីនេះជាការអបអរសាទរដល់ភាពជាដៃគូដែលផ្អែកលើមហិច្ឆិតាធ្វើអាជីវកម្មដោយមានទំនួលខុសត្រូវដែលជាស្មារតីរួមរបស់ក្រុមហ៊ុនទាំងពីរ ពីព្រោះទាំងក្រុមហ៊ុន Grab និង ហ៊ិននីគែន សុទ្ធតែជាហត្ថលេខីនៃសម្ព័ន្ធអន្តរជាតិសម្រាប់ការពិសាដោយការទទួលខុសត្រូវ (IARD) ដែលផ្តោតលើការលក់ និងការចែកចាយគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។
លោក Corentin Rouxel ដែលជាប្រធានប្រចាំប្រទេសរបស់ Grab ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន លើយុទ្ធនាការនេះដែលគាំទ្រដោយដៃគូអ្នកបើកបរក្រុមហ៊ុន Grab របស់យើងដែលដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះនឹងបង្ហាញដៃគូអ្នកបើកបររបស់យើងថា ពួកគាត់ជាវីរបុរសប្រចាំថ្ងៃដែលអតិថិជនអាចជឿទុកចិត្តបានរាល់ការការដែលអតិថិជនត្រូវការធ្វើដំណើររាល់ការចូលរួមកម្មវិធីដែលមានពិសាគ្រឿងស្រវឹង»។
នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក Andy Hewson បានថ្លែងថា៖ «ស្របពេលដែល ហ៊ិននីគែន ខេមបូឌា ត្រៀមប្រារព្ធខួប ៣០ ឆ្នាំនៅកម្ពុជា យើងមានក្ដីរំភើបរីករាយក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តផ្ដោតលើការទទួលខុសត្រូវសំខាន់ជាងគេបំផុត ។ យើងជឿថា តាមរយៈការណែនាំអ្នកពិសាឲ្យពិសាដោយការទទួលខុសត្រូវនឹងទទួលបានបទពិសោធន៍កាន់តែមានការភាពសប្បាយរីករាយជាងមុនក្នុងការទទួលទានរាល់ផលិតផលរបស់យើងដែលមានម៉ាកយីហោអន្តរជាតិ ក៏ដូចជាម៉ាកយីហោក្នុងស្រុក ខណៈពេលដែលផលិតផលរបស់យើងជួយបង្កើតការជួបជុំ និងភាពរីករាយយូរអង្វែង»។
យុទ្ធនាការនេះគាំទ្រដល់គោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនហ៊ិននីគែន «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» ដែលបញ្ជាក់អំពីគោលការណ៍របស់ក្រុមហ៊ុនសម្រាប់ការរួមចំណែកដោយភាពវិជ្ជមានចំពោះសសរស្ដម្ភចំនួន បី មានដូចជា៖ បរិស្ថាន សង្គម និងការទទួលខុសត្រូវ ។ ក្រុមហ៊ុន ហ៊ិននីគែន តែងជួយគាំទ្រជាបន្តបន្ទាប់ដល់ការងារលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ រាប់តាំងពីការផ្ដល់នូវជម្រើសផលិតផលដែលមានជាតិអាល់កុលតិច និងគ្មានជាតិអាល់កុល រហូតដល់ការផ្សព្វផ្សាយដល់អតិថិជនមួយពាន់លាននាក់ជារៀងរាល់ឆ្នាំ ដោយផ្ដល់នូវព័ត៌មានត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកពិសាប្រកបដោយការទទួលខុសត្រូវ ។
ក្រុមហ៊ុនហ៊ិននីគែន បានចំណាយថវិការចំនួន ១០ ភាគរយនៃថវិកាផ្សាយពាណិជ្ជកម្មរបស់ខ្លួនសម្រាប់យីហោ Heineken® ដើម្បីគាំទ្រយុទ្ធនាការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវជារៀងរាល់ឆ្នាំដូចជា យុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។
នាយកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុនហ៊ិននីគែនខេបូឌា លោកស្រី Anne de Graaf បានថ្លែងអំឡុងកម្មវិធីនេះថា៖ «ចីរភាព និងទំនួលខុសត្រូវ គឺជាផ្នែកមួយនៃគោលការណ៍របស់ក្រុមហ៊ុនហ៊ិននីគែន ចាប់តាំងពីថ្ងៃដំបូងនៃអាជីវកម្មរបស់យើង ហើយយើងតែងតែគាំទ្រឲ្យមានការលើកទឹកចិត្តអតិថិជនឱ្យសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ នៅកម្ពុជា យើងផ្តោតសំខាន់លើការអភិវឌ្ឍន៍ និងលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យជាអ្នកតំណាងនៃការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីនេះមានដូចជាកម្មវិធីនានាដូចជា HEINEKEN Sustainathon សម្រាប់មនុស្សជំនាន់ថ្មីរបស់កម្ពុជាក្នុងការចែករំលែកនូវគំនិតយល់ឃើញរបស់ខ្លួន ។ ការធ្វើការជាមួយដៃគូកាន់តែច្រើនធ្វើឲ្យយើងកាន់តែមានក្ដីរំភើបរីករាយ ហើយយើងអាចផ្សព្វផ្សាយទៅដល់អតិថិជនកាន់តែច្រើនជាងមុន និងនាំឲ្យមានការកែប្រែកាន់តែខ្លាំងជាងមុនផងដែរ»៕