(បរទេស)៖ នៅពេលដែល Apple បានប្រកាស iPhone ដំបូងក្នុងឆ្នាំ២០០៧ លោក Steve Jobs បានហៅវាថាជា «ផលិតផលបដិវត្តន៍» នៅក្នុងប្រភេទទូរស័ព្ទ ដែលលោកបាននិយាយថាចាំបាច់ត្រូវបង្កើតឡើងវិញ។ រហូតមកទល់បច្ចុប្បន្ននេះ គឺជិត២ទសវត្សរ៍ហើយ និងមាន៤២ម៉ូដែល ដែល iPhone លេចរូបរាងឡើងព្រមទាំងក្លាយជាទូរស័ព្ទដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក។ តាមឯកសារស្រាវជ្រាវពី Demand Sage បានឲ្យដឹងថា Apple លក់ iPhone បានជាង ២.៣ពាន់លានគ្រឿង និងមានអ្នកប្រើប្រាស់សកម្មជាង ១.៥ ពាន់លាននាក់ឯណោះ។ ហេតុអ្វីបានជាទូរស័ព្ទ iPhone ក្លាយជាម៉ូដែលពេញនិយមនិងលក់ដាច់គ្រប់ពេល?

ជាការពិត ទូរស័ព្ទ iPhone ដំបូងត្រូវបានចេញផ្សាយនៅខែមិថុនា ឆ្នាំ២០០៧ ហើយត្រូវបានលក់ផ្តាច់មុខជាមួយក្រុមហ៊ុន AT&T ក្នុងតម្លៃ៤៩៩ដុល្លារ។ លោក Gene Munster មកពីក្រុមហ៊ុន Deepwater Asset បាននិយាយថា «វិនិយោគិនមានសុទិដ្ឋិនិយមអំពីផលប៉ះពាល់ ដែលវាអាចមានឡើង ទៅលើផលិតផលរបស់ Apple» ។ ទិន្នន័យដំបូងដែលចេញមកពី AT&T គឺជាការខកចិត្តមួយពីការលក់ប៉ុន្មានថ្ងៃដំបូងនោះ។ ខ្ញុំចាំថាបាននិយាយជាមួយអ្នកវិនិយោគ បន្ទាប់ពីសប្តាហ៍ដំបូងនៃការលក់ ហើយអត្ថន័យនៃការនិយាយគឺជាសំដីរបស់អ្នកវិនិយោគម្នាក់នោះគឺ លោកបានស្លាប់បាត់ទៅហើយ»។ កាលនោះ Apple លក់ iPhone បាន ១.៤លានគ្រឿងក្នុងឆ្នាំ ២០០៧ ជាមួយនឹង ៨០0% នៃការលក់មកដល់ក្នុងត្រីមាសទី៤។ ក្នុងឆ្នាំដដែលនោះ ក្រុមហ៊ុន Nokia ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ Nokia 3310 បានលក់ទូរស័ព្ទបានចំនួន ៧.៤ លាន គ្រឿងក្នុងត្រីមាសទី៤តែមួយដូចគ្នា គឺវ៉ាដាច់ iPhone តែម្តង។

ប្រការនេះបានធ្វើឲ្យអ្នកវិនិយោគភាគច្រើន ចាត់ទុក iPhone ថានឹងក្លាយជាផលិតផលពិបាកក្នុងការបំបែកកំណត់ត្រាលក់ក្នុងទីផ្សារ សម្រាប់ Apple។ មិនយូរប៉ុន្មាន អ្វីៗបានចាប់ផ្តើមផ្លាស់ប្តូរសម្រាប់ Apple ពោលក្នុងឆ្នាំ២០០៨ នៅពេលដែលក្រុមហ៊ុន Apple បើកដំណើរការ App Store ហើយវាជាពេលវេលាដែលក្រុមហ៊ុនបច្ចេកវិទ្យាទំនើបដូចជា Uber បានហៅក្រុមហ៊ុន Apple ថាជាគូប្រជែងរបស់ខ្លួន។ ក្រុមហ៊ុន Apple បានឃើញការកើនឡើងនៃការលក់ iPhone ក្នុងរយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីដំណើរការ App Store ។ ក្រុមហ៊ុនបានឈានដល់ចំណុចសំខាន់កំពូលនៃការលក់ ដោយលក់បានច្រើនជាង៥០លានគ្រឿងក្នុងឆ្នាំ២០១១ ដោយមានជំនួយពី iPhone 4s រហូតការលក់កើនឡើងដល៧២លានគ្រឿងនៅឆ្នាំនោះ។ លុះដល់ឆ្នាំ២០១៥ Apple លក់ iPhone បានជាង២០០លានគ្រឿងក្នុងមួយឆ្នាំ។ ឈានដល់ដំណាក់កាលមួយផ្សេងទៀត គឺការបារម្ភរបស់ Apple ជុំវិញដំណើរការ Android របស់ Sumsung ប៉ុន្តែអ្វីដែល Apple នៅតែឈានមុខគេនិងអស់បារម្ភ គឺការសម្រេចចិត្តធ្វើកំណែទម្រង់ជាបន្តបន្ទាប់នូវប្រព័ន្ធ iOS របស់ខ្លួន។

ក្រោយជោគជ័យនៃការលក់ជាបន្តបន្ទាប់ បានធ្វើឲ្យក្រុមហ៊ុនេះឈានដល់តម្លៃលើទីផ្សារ ១ពាន់ពាន់លានដុល្លារ ហើយឥឡូវនេះ Apple គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលរកប្រាក់ចំណូលបានច្រើនបំផុតនៅក្នុងពិភពលោក។ ថ្មីៗនេះ Apple បានវ៉ាដាច់ Samsung ដែលជាដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុននាំមុខគេលើស្មាតហ្វូនរបស់ពិភពលោកជាលើកដំបូង។ យោងតាមទិន្នន័យពី International Data Corp បានឲ្យដឹងថា Apple កាន់កាប់២០% នៃចំណែកទីផ្សារពិភពលោក ដែលជាកន្លែងមួយដែល Samsung បានកាន់កាប់តាំងពីឆ្នាំ២០១០។

ថ្មីៗនេះ Apple បាននិងកំពុងសិក្សាលើម៉ាស៊ីនមេ និងបច្ចេកវិទ្យា AI សម្រាប់ iPhone ស្របពេលក្រុមហ៊ុនយក្ស Microsoft , Google កំពុងទទួលយកបច្ចេកវិទ្យាកាន់តែទូលំទូលាយ។ Munster បាននិយាយថា « AI នឹងមានសារៈសំខាន់ចំពោះមនុស្សជាតិ ហើយវានឹងក្លាយជាមុខងារសំខាន់មួយនៅក្នុង iPhones។ Apple ប្រើ AI ដើម្បីធ្វើឱ្យផលិតផលដំណើរការកាន់តែប្រសើរឡើងជាមួយនឹងការរៀបចំរូបថត,អ៊ីមែល និងអាចធ្វើអ្វីៗជុំវិញការសរសេរអត្ថបទ។ ប៉ុន្តែសម្រាប់ផ្នែកភាគច្រើននៃ AI គឺថា iPhone មិនចាប់យកទេ ព្រោះវាហាក់ឆ្ងាយពីគោលដៅរបស់ Apple ក្នុងសម័យនេះ៕