(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យធនធានមនុស្ស បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជូនដល់សាកលវិទ្យាល័យធនធានមនុស្ស ក្រោមអធិបតីភាព លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ មន្រ្តី និងក្រុមមន្រ្តីវាយតម្លៃទទួលស្គាល់គុណភាពឧត្តមសិក្សា នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សចូលរួមប្រមាណ៤០០នាក់។

លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ បានលើកឡើងថា សាកលវិទ្យាល័យធនធានមនុស្ស មានបទពិសោធលើការបណ្តុះបណ្តាល ចំនួន២៦ឆ្នាំ ដោយឈរលើគុណតម្លៃទាំង៥ គឺសមត្ថភាព គុណភាព ឧត្តមភាព សីលធម៌ និងការទទួលខុសត្រូវ ដោយមានគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ ដែលមានគុណវុឌ្ឍិខ្ពស់និងបទពិសោធវិជ្ជាជីវៈ មានអគារសិក្សាផ្ទាល់ខ្លួននៅចំកណ្តាលរាជធានីភ្នំពេញ សម្ភារៈរូបវ័ន្តគ្រប់គ្រាន់ស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ប្រកបដោយផាសុកភាព និងបរិស្ថានល្អ ទាំងការិយាល័យធ្វើការ បណ្ណាល័យ សាលសន្និសីទ សហសាលសិក្សា បន្ទប់ប្រជុំ បន្ទប់សិក្សាគ្រប់ប្រភេទ បន្ទប់អនុវត្ត តាមជំនាញនីមួយៗជាច្រើនរួមមាន (ធនាគារនិងហិរញ្ញវត្ថុ សហគ្រិនភាពនិងប្រជុំពីចម្ងាយ បន្ទប់សោតទស្សន៍ បន្ទប់អនុវត្ត តម្លើងកម្មវិធី តបណ្តាញ និងជួសជុលកុំព្យូទ័រ សាលសវនាការប្រឌិត បណ្ណាល័យអេឡិកត្រូនិច មជ្ឈមណ្ឌលស្រាវជ្រាវនិង នវានុវត្តន៍) ដែលបំពាក់ដោយសម្ភារបរិក្ខា ប្រព័ន្ធបច្ចេកវិជ្ជាទំនើបៗ គ្រប់គ្រាន់ និងទាន់សម័យ ព្រមទាំងបានអញ្ជើញវាគ្មិនល្អៗមកធ្វើសិក្ខាសាលា បឋកថាជូនដល់និស្សិតជាប្រចាំ។

ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិពី ACC នាឱកាសនេះ ជាសក្ខីភាពបញ្ជាក់ពីគុណភាពនៃការអប់រំបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យធនធានមនុស្ស និងជាការផ្តល់ទំនុកចិត្តដល់អ្នកសិក្សាផងដែរ។

តាងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ លោកសាស្រ្តាចារ្យបណ្ឌិតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និង ACC ដែលបានយកចិត្តទុកដាក់ខ្ពស់ គាំទ្រ លើកទឹកចិត្ត និងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋនិងឯកជន ធ្វើឱ្យវិស័យអប់រំនិងសិក្សាធិការរបស់ជាតិមានការរីកចម្រើន ធានាបាននូវគុណភាពអប់រំ និងការទទួលស្គាល់កម្រិតជាតិ តំបន់ និងអន្តរជាតិ ជាពិសេសការគាំទ្រ ការលើកទឹកចិត្ត ការផ្តល់អនុសាសន៍កែលម្អ និងអភិវឌ្ឍដល់សាកលវិទ្យាល័យធនធានមនុស្ស ជារៀងរហូតមក។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត សោម រតនា បានថ្លែងកោតសរសើរចំពោះកិច្ច ខិតខំប្រឹងប្រែង បំពេញការងារ ដោយទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ បុគ្គលិក និងសាស្រ្តាចារ្យ សាកលវិទ្យាល័យធនធានមនុស្ស ក្នុងការដឹកនាំគ្រប់គ្រងសាកលវិទ្យាល័យនិងការបណ្តុះបណ្តាលនិស្សិត ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ណែនាំនិងលិខិតបទដ្ឋាននានារបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសអនុវត្តស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាព អប់រំលើគ្រឹះស្ថានឧត្តមសិក្សា និងផ្អែកតាមផែនការយុទ្ធសាស្រ្តច្បាស់លាស់របស់សាកលវិទ្យាល័យ ធ្វើឱ្យសាកលវិទ្យាល័យទទួលបាន ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធ ពី ACC នាពេលនេះ និងធ្វើឱ្យអ្នកសិក្សាកាន់តែមានទំនុកចិត្តទៅលើគុណភាពបណ្តុះបណ្តាល របស់សាកលវិទ្យាល័យបន្ថែមទៀត។

លទ្ធផលនិងសមិទ្ធផលដ៏ធំធេងនេះ វាជាជោគជ័យ និងជាមោទនភាពរបស់សាកលវិទ្យាល័យផងរបស់និស្សិត ដែលទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជាមោទនភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាអាណាព្យាបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ពិសេសឈានទៅសម្រេចគោលដៅអាទីភាពនៃអភិវឌ្ឍគុណភាពអប់រំ។

លោកបណ្ឌិតអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា សមទ្ធិផលថ្ងៃនេះជាកិត្តិយសរបស់សាកលវិទ្យាល័យ មួយទៀតជាកិត្តិយសក្នុងក្របខ័ណ្ឌរបស់និស្សិតនិងសាស្រ្តាចារ្យដែលបានកំពុងសិក្សានិងបង្រៀននៅទីនេះ ហើយក៏កិត្តិយសរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ព្រោះសាកលវិទ្យាល័យបានបំពេញនិងអនុវត្តតាមយ៉ាងត្រឹមត្រូវ តាមលិខិតបទដ្ឋាន ច្បាប់ដែលបានកំណត់ និងបណ្តុះបណ្តាលប្រកបដោយគុណភាព។

ជាគ្នានេះផងដែរ លោកបណ្ឌិតក៏បានផ្ដល់អនុសាសន៍ដល់សាកលវិទ្យាល័យ ឱ្យបន្តការយកចិត្តទុកដាក់និងខិតខំបន្ថែមទៀតក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យកាន់តែមានគុណភាពនិងសមត្ថភាពវិជ្ជាជីវៈ យ៉ាងពិតប្រាកដ ឆ្លើយតបទីផ្សារការងារ និងទិសដៅកំណើនសេដ្ឋកិច្ចថ្មីរបស់រាជរដ្ឋាភិបាល ដោយពឹងផ្អែកលើចំណេះដឹង ពិសេស អនុវត្តតាមអនុសាសន៍របស់ ACC៕