(ភ្នំពេញ)៖ អ្នកឧកញ៉ាកិត្តិបណ្ឌិត លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោក Zhou Wenlong សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា វិនចូវ និងជាប្រធានសមាគមសហគ្រិននៃប្រទេសសម្ព័ន្ធមេគង្គ-ឡានឆាង (ប្រទេសចិន) នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា និងសម្ពោធផ្លាកគម្រោងកិច្ចសហប្រតិបត្តិការជានិមិត្តរូបរវាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង សាកលវិទ្យាល័យ បច្ចេកវិទ្យា វិនចូវ ប្រទេសចិន។
ពិធីនេះបានធ្វើឡើងនៅសាលសន្និសីទអគារមាស ជាន់ទី១៣ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមានការចូលរួមពីលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងគណៈគ្រប់គ្រង សាស្រ្តាចារ្យ និស្សិត យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា និងប្រតិភូមកពីសាកលវិទ្យាល័យ បច្ចេកវិទ្យា វិនចូវ ព្រមទាំងតំណាងក្រុមហ៊ុនមកពីប្រទេសចិនជាច្រើនរូបផងដែរ។
ពិធីចុះអនុស្សរណៈយោគយល់គ្នា និងសម្ពោធស្លាកជានិមិត្តរូបនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ ការផ្លាស់ប្តូរនិស្សិតសម្រាប់ការសិក្សា និងស្រាវជ្រាវនៅសាកលវិទ្យាល័យទាំងពីរ, ការផ្លាស់ប្តូរគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិតតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមក, ការផ្លាស់ប្តូរព័ត៌មាន និងការបោះពុម្ពផ្សាយលើការអប់រំ និងការស្រាវជ្រាវ, ការអនុវត្តកិច្ចសហប្រតិបត្តិការអប់រំ និងស្រាវជ្រាវ, ការចូលរួមរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងកម្មវិធីភាសាចិនដែលរៀបចំដោយសាកលវិទ្យាល័យបច្ចេកវិទ្យា វិនចូវ ចំពោះវគ្គសិក្សាអនឡាញឥតគិតថ្លៃ, សហការដើម្បីដំណើរការ «Silk Road School»។
នៅក្នុងមតិស្វាគមន៍គណៈប្រតិភូអ្នកឧកញ៉ាកិត្តិបណ្ឌិត លី ឃុនថៃ បានបញ្ជាក់ថា នេះ ជាការបើកទំព័រថ្មីមួយទៀតសម្រាប់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយដៃគូអន្តរជាតិ ដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់កិច្ចការស្រាវជ្រាវ ឈានដល់កម្រិតអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ព្រមទាំងនិន្នាការរីកចម្រើនទាំងក្នុងតំបន់ និងពិភពលោក។
បន្ថែមពីនេះការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅពេលនេះក៏បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមដំបូលសន្តិភាព ស្ថិរភាព សុវត្ថិភាព និងផ្សារភ្ជាប់ទៅនឹងភាពរីកចម្រើនលើគ្រប់វិស័យ។
អ្នកឧកញ៉ាកិត្តិបណ្ឌិត បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ជាស្ថាប័នអប់រំឯកជនមួយដ៏ធំ ក្នុងចំណោមសាកលវិទ្យាល័យធំៗនៅកម្ពុជា ដែលមានអាយុកាលជាង ២២ឆ្នាំ លើវិស័យអប់រំ ដែលបណ្តុះបណ្តាលចាប់ពីកម្រិតថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត។ ជាពិសេសថ្មីនេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទទួលបានពាន «ឧត្តមភាពមេដាយ» ដោយដណ្តើមបានមេដាយច្រើនជាងគេទូទាំងប្រទេស ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ ក្រោមប្រធានបទ «កីឡាឌីជីថល ជាអនាគតយុវជន» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
សូមបញ្ជាក់ដែរថា នៅក្នុងពិធីនេះក៏មានការសម្ពោធផ្លាកជានិមិត្តរូបចំនួន៣ ព្រមទាំងប្រគល់ប័ណ្ណមូលនិធិសម្រាប់សមាគមសហគ្រិនប្រទេសមេគង្គ-ឡានឆាង - ចិន-កម្ពុជា ជូនតំណាងនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលត្រូវទៅទស្សនកិច្ចសិក្សានៅចុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ ស្លាក់ទាំង៣នោះ រួមមាន៖ ទី១ ការលើកផ្លាកនិមិត្តរូប វិទ្យាស្ថាននវានុវត្តន៍ និងសហគ្រិនភាព ផ្លូវសូត្រ កម្ពុជា-ចិន។ ទី២ ការលើកផ្លាកនិមិត្តរូប សម្ព័ន្ធសហគ្រិនភាពប្រទេសមេគង្គ-ឡានឆាង (ប្រចាំនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា)។ ទី៣ លើកផ្លាកនិមិត្តរូប មជ្ឈមណ្ឌលស្រាវជ្រាវ ប្រទេសមេគង្គ-ឡានឆាង នៃសាកលវិទ្យាល័យ បច្ចេកវិទ្យា វិនចូវ ប្រចាំនៅកម្ពុជា៕