(ភ្នំពេញ)៖ នៅក្នុងវិស័យការងារ និយោជក និងកម្មករនិយោជិតទាំងអស់ ដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពតាមបទបញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ និងបទបញ្ញត្តិពាក់ព័ន្ធនានា ។ ក្នុងនោះផងដែរ នៅក្នុងការអនុវត្តកិច្ចសន្យាការងារ រវាងនិយោជក ជាមួយកម្មករនិយោជិត ការរំលាយកិច្ចសន្យាការងារ គឺជាបញ្ហាស្មុគស្មាញមួយដែលត្រូវយកចិត្តទុកដាក់ ដោយហេតុថា គូភាគីត្រូវសិក្សាឱ្យបានច្បាស់លាស់ ថាតើកិច្ចសន្យាការងារដែលខ្លួនកំពុងអនុវត្តនោះ ជាប្រភេទកិច្ចសន្យាអ្វី ហើយថាតើច្បាប់បានកំណត់យ៉ាងដូចម្ដេចខ្លះអំពីលក្ខខណ្ឌអនុវត្តការរំលាយ ព្រមទាំងការទូទាត់អត្ថប្រយោជន៍ ក៏ដូចជាសំណងនានាដែលត្រូវទទួលបាន បន្ទាប់ពីកិច្ចសន្យាការងារត្រូវបានរំលាយ ។

ហេតុដូចនេះ ដើម្បីបង្ហាញឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «លក្ខខណ្ឌនៃការរំលាយកិច្ចសន្យាការងារមានថិរវេលាមិនកំណត់» ដោយផ្ដោតលើករណីដែលនិយោជកបញ្ឈប់ការងារកម្មករនិយោជិត មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។

កិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ជាកិច្ចសន្យាដែលអាចរំលាយតាមឆន្ទៈភាគីម្ខាងបាន ដោយអនុវត្តទៅតាមរបៀបឱ្យដំណឹងមុនជាលាយលក្ខណ៍អក្សរ ដែលភាគីមានបំណងចង់រំលាយកិច្ចសន្យា ត្រូវធ្វើឱ្យទៅភាគីម្ខាងទៀត ដោយភ្ជាប់ជាមួយនឹងហេតុផលសមរម្យទាក់ទងនឹងសម្បទា ឬចរិយានៃកម្មករនិយោជិត យោងទៅលើភាពចាំបាច់នៃដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ឬក្រុមហ៊ុន ។ ក្នុងកិច្ចសន្យាប្រភេទនេះ ច្បាប់បានផ្តល់សិទ្ធិឱ្យនិយោជក អាចបញ្ឈប់ការងារកម្មករនិយោជិតណាម្នាក់ ដោយពុំចាំបាច់មានការយល់ព្រមពីសាមីខ្លួនឡើយ ប៉ុន្តែសេរីភាពនេះ ពុំមែនជាឆន្ទៈដាច់ខាតរបស់និយោជកទេ ពោលគឺសេរីភាពនេះ ត្រូវស្ថិតក្រោមលក្ខខណ្ឌពីរ គឺអត្ថិភាពនៃហេតុផលសមរម្យ និងគោរពកាតព្វកិច្ចឱ្យដំណឹងជាមុន ។

សម្រាប់លក្ខខណ្ឌទីមួយ និយោជកដែលមានបំណងបញ្ឈប់កម្មករនិយោជិតណាម្នាក់ មានកាតព្វកិច្ចស្វែងរកភស្តុតាង និងអំណះអំណាងច្បាស់លាស់ ព្រមទាំងមានហេតុផលសមរម្យដើម្បីបញ្ជាក់ពីការបញ្ឈប់នេះ ។ ផ្ទុយទៅវិញ ប្រសិនបើនិយោជកបញ្ឈប់កម្មករនិយោជិត ដោយគ្មានមូលហេតុសមរម្យសម្រាប់ធ្វើជាមូលដ្ឋាននៃសេចក្តីសម្រេចរបស់ខ្លួន សាមីកម្មករមានសិទ្ធិទាមទារសងសោហ៊ុយជំងឺចិត្តបាន ។ លើសពីនេះ មាត្រា ៨៣ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការងារ ក៏បានចែងយ៉ាងច្បាស់អំពីសកម្មភាពដែលជាកំហុសធ្ងន់របស់កម្មករនិយោជិត ហើយអាចជាមូលដ្ឋានក្នុងការបញ្ឈប់កម្មករនិយោជិតបាន រួមមាន៖

*១. ការលួច ការប្រវ័ញ្ច ការគៃបំបាត់ ។

*២. អំពើក្លែងបន្លំក្នុងពេលចុះកិច្ចសន្យា “ការបង្ហាញលិខិតស្នាមក្លែងក្លាយ ឬក្នុងពេលកំពុងប្រតិបត្តិកិច្ចសន្យា”
វិច្ឆេទកម្ម ការមិនព្រមប្រតិបត្តិតាម “ខ” នៃកិច្ចសន្យាការងារ ផ្សាយអាថ៌កំបាំងខាងវិជ្ជាជីវៈ ។

*៣.  ល្មើសធ្ងន់ចំពោះវិធានខាងវិន័យ សន្តិសុខ និងអនាម័យ ។

*៤. ការកំហែងគំរាម ជេរប្រមាថ វាយដំនិយោជក ឬកម្មករនិយោជិតឯទៀត ។

*៥. ការញុះញង់កម្មករនិយោជិតឯទៀតឱ្យប្រព្រឹត្តកំហុសធ្ងន់ ។

*៦. ការឃោសនាសកម្មភាព ឬបាតុកម្មនយោបាយក្នុងគ្រឹះស្ថាន ។

ក្រៅពីការបង្ហាញហេតុផលសមរម្យ និយោជកមានកាតព្វកិច្ចឱ្យដំណឹងជាមុន អំពីការបញ្ឈប់កម្មករនិយោជិត ក្រោមទម្រង់ជាលិខិតលាយលក្ខណ៍អក្សរ ។ ក្នុងករណីដែលនិយោជកមិនបានជូនដំណឹងជាមុនតាមការកំណត់របស់ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន និយោជកត្រូវទូទាត់ប្រាក់បំណាច់ជួសការឱ្យដំណឹងជាមុន ។

ជាក់ស្ដែងថិរវេលាដែលត្រូវឱ្យដំណឹងមុនត្រូវកំណត់ជាអប្បបរមាដូចតទៅ៖

• ប្រាំពីរថ្ងៃ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសតិចជាង ប្រាំមួយខែ ។
• ដប់ប្រាំថ្ងៃ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសពីប្រាំមួយខែ រហូតដល់ពីរឆ្នាំ ។
• មួយខែ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសលើសពីពីរឆ្នាំ រហូតដល់ប្រាំឆ្នាំ ។
• ពីរខែ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសលើសពីប្រាំឆ្នាំ រហូតដល់ដប់ឆ្នាំ ។
• បីខែ បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាសលើសពីដប់ឆ្នាំ ។

យ៉ាងណាមិញ នៅក្នុងកាលៈទេសៈមួយចំនួន និយោជកមានសិទ្ធិបញ្ឈប់កម្មករនិយោជិត ដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ ដែលរួមមាន៖

*១. ក្នុងករណីចូលធ្វើការសាកល្បង ឬកម្មសិក្សាដែលមានចែងក្នុងកិច្ចសន្យា ។

*២. ក្នុងករណីមានកំហុសធ្ងន់ធ្ងរនៃភាគីណាមួយ ។

*៣. ក្នុងករណីប្រធានសក្តិ ដែលភាគីម្ខាងមិនអាចគោរពកិច្ចសន្យារហូតតទៅបាន ។ ឧទាហរណ៍ដូចជា ការបិទទ្វារសហគ្រាស ដែលរាជការសាធារណៈតម្រូវឱ្យបិទ ឬមហន្តរាយ «ទឹកជំនន់ រញ្ជួយផែនដី សង្គ្រាម» ដែលបណ្តាលឱ្យអន្តរាយសម្ភារៈ មិនអាចបន្តការងារបានក្នុងរយៈពេលយូរ ជាដើម។

សរុបសេចក្តីមក ការស្វែងយល់អំពីលក្ខខណ្ឌនៃការរំលាយកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគី ជាពិសេសកម្មករនិយោជិត នៅក្នុងករណីមានការបញ្ឈប់ពីការងារដោយនិយោជក ។ ក្រៅពីការគោរពតាមលក្ខខណ្ឌនៃការរំលាយ ទោះបីជាកម្មករនិយោជិតត្រូវបានបញ្ឈប់ពីការងារដោយសាររូបភាពណាមួយក៏ដោយ ក៏ច្បាប់បានធានាដល់ពួកគាត់ ក្នុងការទទួលបានអត្ថប្រយោជន៍ ក៏ដូចជាសំណងផ្សេងៗទៀត ក្នុងករណីមានការអនុវត្តផ្ទុយពីលក្ខខណ្ឌច្បាប់ផងដែរ ។

រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា ជាប្រធានផ្នែកសេវាកម្មច្បាប់ និងកញ្ញា សាន់ រតនាជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ
ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com (http://www.cicfirm.com/) ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕