(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានធ្វើការអំពាវនាវដល់ សិល្បករ-សិល្បការិនីទាំងអស់ ចូលរួមអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ឲ្យបានទូលំទូលាយ និងយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានស៊ីជម្រៅ និងបញ្ជ្រាបការយល់ដឹងទាំងនេះតាមគ្រប់ទម្រង់សិល្បៈ ដើម្បីឱ្យប្រជាជនយើង ជាពិសេសក្រុមយុវជនបង្ការខ្លួនចៀសផុតពីការឆ្លង មេរោគអេដស៍។

ការថ្លែងអំពាវនាវរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គឺបានធ្វើឡើងក្នុងឱកាសដែលលោកជំទាវអ្នកឧកញ៉ា បានអញ្ជើញចូលរួមក្នុងកម្មវិធី «សិក្ខាសាលាអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ជូនដល់សិល្បករ សិល្បការិនី» ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានទន្លេបានសាក់២។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់សិល្បករ-សិល្បការិនី និងមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់ផងដែរ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងបន្តថា «ការចូលរួមរបស់នាងខ្ញុំនាពេលនេះ ក្នុងនាមតំណាងឱ្យបងប្អូនសិល្បករ សិល្បការិនី ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្តែងឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឆ្លាតវៃ និងប៉ិនប្រសប់បំផុត សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើឆ្ពោះទៅ បញ្ចប់អេដស៍ដែលជាបញ្ហាសុខភាពសាធារណៈចម្បងសម្រាប់ប្រជាជនកម្ពុជាយើង»

លោកជំទាវអ្នកឧកញ៉ា បានរំលេចថា យើងទាំងអស់គ្នាបានដឹងហើយថា មកដល់ពេលនេះ មេរោគអេដស៍មិនទាន់មានវ៉ាក់សាំង ចាក់បង្ការនៅឡើយ ហើយជំងឺអេដស៍ ក៏នៅមិនទាន់មានឱសថសម្រាប់ព្យាបាលឱ្យបានជាសះស្បើយ ដាច់ស្រឡះនៅឡើយដែរ។ បន្ថែមលើនេះ មេរោគអេដស៍ និងជំងឺអេដស៍បាន និងកំពុងបន្តបង្ក ផលវិបាកដល់សកម្មភាពសង្គម ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចប្រទេសផងដែរ។ ចំនួននៃការឆ្លងថ្មីនៃ មេរោគអេដស៍ ជាពិសេសក្នុងចំណោមយុវជនវ័យក្មេង និងការស្លាប់ដោយសារជំងឺអេដស៍នៅតែជាការ ព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។

ក្នុងឋានៈជាប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាសូមចូលរួមធ្វើការអំពាវនាវដូចតទៅ៖
*ទី១. សូមសិល្បករ-សិល្បការិនីទាំងអស់ ចូលរួមស្វែងយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានស៊ីជម្រៅ និងបញ្ជ្រាបការយល់ដឹងទាំងនេះតាមគ្រប់ទម្រង់សិល្បៈ ឱ្យបាន ទូលំទូលាយ ដើម្បីឱ្យប្រជាជនយើង ជាពិសេសក្រុមយុវជនបង្ការខ្លួនចៀសផុតពីការឆ្លង មេរោគអេដស៍។
*ទី២. នៅគ្រប់វេទិការនៃការសម្តែង សូមពិធីករ ពិធីការិនី តារាសម្តែង តារាកំប្លែង លើកអំពីសារខ្លីៗ ដែលអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានជាប់ជាប្រចាំ។
*ទី៣. សូមអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ចូលរួមនិពន្ធ ផលិត ដឹកនាំរឿងខ្លីៗស្តីពីការអប់រំ ការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍។
*ទី៤. សូមសិល្បករ-សិល្បការិនី បញ្ចៀសការប្រព្រឹត្តិប្រឈមនឹងការឆ្លងមេរោគអេដស៍ តាម រយៈស្មោះស្ម័គ្រស្នេហាប្រពន្ធមួយ ប្តីមួយ ឬគូសង្សារតែមួយ ឬប្រើប្រាស់ស្រោមអនាម័យ ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំនៅពេលមានដៃគូផ្សេង។
*ទី៥. សូមសិល្បករ-សិល្បការិនី ដែលសង្ស័យថាបានប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមរួសរាន់ទៅទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឆាប់បានទទួលការព្យាបាលថែទាំ។
*ទី៦. សូមសិល្បករ-សិល្បការិនីចូលរួមលុបបំបាត់ការមាក់ងាយ និងរើសអើងលើគ្រប់ទម្រង់ ភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយចាត់ទុកអ្នករងគ្រោះទាំងអស់ជាបងប្អូន មិត្តភក្តិយើងដែលត្រូវជួយគ្នា លើកទឹកចិត្តគ្នា ធ្វើការរួមគ្នាដើម្បីភាពសុខដុមនៃសង្គមជាតិយើង។
*ទី៧. សូមសិល្បករ-សិល្បការិនីទាំងអស់ចាត់ទុកថា មានភារកិច្ចដ៏សំខាន់មួយទៀតរបស់យើង ក្រៅពីការផ្តល់ការកម្សាន្ត និងភាពរីករាយ គឺការចូលរួមការងារទប់ស្កាត់ការរាលដាល មេរោគអេដស៍ ដោយធ្វើជា «គំរូ» ដល់ «អ្នកគាំទ្រ» ទាំងឡាយ ក្នុងសកម្មភាពផ្សព្វផ្សាយ ផ្តល់ការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍។

ក្នុងឱកាសដ៏ឧឡារិកនេះ លោកជំទាវអ្នកឧកញ៉ាតំណាងឱ្យសិល្បករ សិល្បការិនី សូមប្រកាសថា «យើងទាំងអស់គ្នាមានមោទនភាពបំផុត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារឆ្ពោះទៅបញ្ចប់អេដស៍ នៅកម្ពុជា»