(មេនឆេស្ទើ)៖ គ្រូបង្វឹក Erik ten Hag បានទម្លាយថា វិស្សមកាលរដូវក្តៅរបស់លោកនៅ Ibiza ត្រូវបានរំខាន តាមរយៈថ្នាក់ដឹកនាំក្លិប Manchester United បានជិះយន្តហោះទៅកាន់ឆ្នេរលំហែកាយមួយនេះ ដើម្បីស្នើសុំរូបលោកបន្តដឹកនាំក្រុមទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នៅចាំបានថា អនាគតរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បានស្ថិតក្នុងភាពមិនច្បាស់លាស់ មុនពេលដឹកនាំបិសាចក្រហម ដណ្តើមបានជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup ទល់នឹងក្រុមការពារជើងឯក Manchester City នៅមុនពេលក្លិបសម្រេចទុកលោកឱ្យនៅដឹកនាំបន្តទៀត។

លោក Ten Hag បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ NOS របស់ហូឡង់ថា «ថ្នាក់ដឹកនាំក្លិប Man Utd បានមកជួបខ្ញុំដល់ឆ្នេរ Ibiza ជាទីដែលខ្ញុំកំពុងសម្រាកវិស្សមកាល និងបានប្រាប់ខ្ញុំថា ពួកគេចង់ឱ្យលោកបន្តដឹកនាំក្រុមនេះទៀត»

Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងលីគ Premeir League នារដូវកាលឆ្នាំ២០២៣-២០២៤ ជាលេខរៀងដ៏ទាបបំផុតមួយ ស្ថិតក្រោមរជ្ជកាលដឹកនាំនៃរដូវកាលទី២ របស់លោក Erik ten Hag។

ថ្មីៗកន្លងមកទៅនេះដែរ ម្ចាស់ក្លិបថ្មីលោក Sir Jim Ratcliffe ក៏ត្រូវបានគេគិតថា បានជួបពិភាក្សាជាមួយលោក Thomas Tuchel អតីតគ្រូបង្វឹកក្លិប Bayern Munich ប៉ុន្តែសម្រេចចុងក្រោយ ក៏បន្តយកលោក Ten Hag ធ្វើការនៅ Old Trafford ទៀតដដែល៕