(ភ្នំពេញ)៖ ពិតជាមានការចាប់អារម្មណ៍ខ្លាំង ពីមហាជនបន្ទាប់ពីឃើញតារាចម្រៀងលោក គូម៉ា បានបោះពាក្យសម្តីធ្ងន់ៗទៅលើនារីម្នាក់ នៅក្នុងវិដេអូខ្លីមួយកាលពីប៉ុន្មានថ្ងៃមុន រហូតធ្វើឱ្យមហាជននិយាយថា លោក គូម៉ា កាចមិនធម្មតាទេ។

ការពិតនៅក្នុងវិដេអូខ្លីនេះគឺលោក គូម៉ា កំពុងថត MV ចម្រៀងថ្មីមួយដែលមានចំណងជើងថា «ឈ្នះ» ដែលជាបទចម្រៀងថ្មីមួយរបស់លោក ដែលបានផ្លាស់ប្តូរចរិតលោកស្ទើរតែមួយរយដឺក្រេ។ ជាក់ស្តែង កន្លងមកលោក គូម៉ា ភាគច្រើនចេញតែបទចម្រៀង សេដ ខូចចិត្ត ត្រូវខាងស្រីក្បត់ចិត្ត និងឈឺចិត្តតែម្នាក់ឯង។

តារាចម្រៀងលោក គូម៉ា បាននិយាយថា «ធ្លាប់តែស្លូតគេធ្វើបាបចិត្ត គេបោករហូត ឥលូវដាច់ចិត្តកាចម្ដង ចុងក្រោយគេទៅចោលបាត់ ឈឺចាប់នឹកគេ ត្រូវការគេ ខូចចិត្ត សេដលើសដើម»
«ឈ្នះ» គឺជាបទចម្រៀងថ្មីមួយរបស់តារាចម្រៀងលោក គូម៉ា ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ ។ វិដេអូខ្លីដែលលោក គូម៉ា បានឈ្លោះប្រកែកជាមួយនារីម្នាក់នេះ គឺកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសារតែឃើញលោក គូម៉ា បានប្រើពាក្យសម្តីខ្លាំងៗ ហាក់ដូចជាមានរឿងអ្វីនិងនារីម្នាក់នោះ ប៉ុន្តែធាតុពិត វិដេអូនោះគ្រាន់តែជាសាច់រឿងនៅក្នុង MV ចម្រៀង «ឈ្នះ» តែប៉ុណ្ណោះ។  

ការសម្តែងរបស់លោក គូម៉ា នៅក្នុង MV ចម្រៀង «ឈ្នះ» ពិតជាប្លែក និងគួរឱ្យចាប់អារម្មណ៍ សូម្បីតែរូបលោកផ្ទាល់ ក៏បានទទួលស្គាល់ថា លោកបានផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សម្នាក់ថ្មីទៀត។

គួរបញ្ជាក់ថា បទចម្រៀងមនោសញ្ចេតនា «ឈ្នះ» របស់លោក គូម៉ា ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង ដោយផលិតកម្ម Galaxy Navatra ដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗខាងមុខ។ ត្រឹមតែវិដេអូខ្លីសោះ ផ្ទុះការចាប់អារម្មណ៍ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និង TikTok រហូតមានអ្នកចូលមើលដល់ទៅរាប់លាននាក់។

ប្រសិនបើពុកម៉ែបងប្អូនចង់ដឹងថា អត្ថន័យនៃសាច់រឿងចម្រៀងមួយបទនេះ មានរសជាតិប្លែកបែបណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។ បទចម្រៀង «ឈ្នះ» គឺជាស្នាដៃ និពន្ធ Melody និងទំនុកច្រៀងដោយ Mr. Feel៕