(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនកម្ពុជា អាយុវក្រោម ១៦ឆ្នាំ ត្រូវប៉ះក្រុមវៀតណាម U16 ក្នុងប្រកួតទី២ ស្ថិតក្នុងពូល B នៃវគ្គចែកពូល ពានរង្វាន់ ASEAN U16 Boys’ Championship 2024 ដែលនេះក៏ជាការប្រកួតប្រជែងយកតំណែងកំពូលតារាង ដោយក្រុមណាឈ្នះនឹងមាន ៦ពិន្ទុកក់កៅអីឡើងវគ្គ ៤ក្រុមជាបន្ត ការប្រកួតនឹងធ្វើឡើងនៅនាល្ងាចនេះម៉ោង ៧:៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។

រំលឹកផងថា នេះជាប្រកួតទី២ របស់ក្រុម U16កម្ពុជា បន្ទាប់ពីប្រកួតទី១ យកឈ្នះក្រុមមីយ៉ាន់ម៉ា ២-១ ខណៈក្រុមយុវជនវៀតណាម បានយកឈ្នះក្រុមប្រ៊ុយណេ ១៥-០ នាំឱ្យក្រុមកម្ពុជា និងវៀតណាម រកបាន ៣ពិន្ទុស្មើគ្នាក្នុងពូល B បណ្តោះអាសន្ន ។

សូមជម្រាបផងថា ពានរង្វាន់ ASEAN U16 Boys’ Championship 2024 នេះ តម្រូវយកតែក្រុមកំពូលតារាង ១ក្រុមចេញពីពូលទាំង៣ ដែលមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ត ជាមួយការជ្រើសយកក្រុមលេខ២ ល្អជាងគេ ១ក្រុមទៅបង្គ្រប់វគ្គ ៤ក្រុមនោះជាបន្តទៀត។ ខណៈក្រុម U16 កម្ពុជា កំពុងឈរលេខ២ ក្នុងតារាង (Ranking of runner-up teams) ក្រោយពីមានគ្រាប់បាល់ចំណេញតែ ១គ្រាប់បន្ទាប់ពីយកឈ្នះមីយ៉ាន់ម៉ា ។

គួរដឹងថា បេសកកម្មក្រុមជម្រើសជាតិ U16 កម្ពុជា ក្នុងការប្រកួតជើងឯកយុវជនប្រចាំតំបន់នេះ គឺស្ថិតក្នុងពូល B ជាមួយវៀតណាម មីយ៉ាន់ម៉ា និងប្រ៊ុយណេ ។ រីឯពូលA គឺមានក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងសិង្ហបុរី និងពូលC មាន ៤ក្រុមដូចគ្នា រួមមានក្រុម U16 ថៃ ម៉ាឡេស៊ី ទីម័រខាងកើត និងអូស្ដ្រាលី ។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបវៀតណាម នាថ្ងៃទី២៥-មិថុនា និងចុងក្រោយជួបក្រុម U16 ប្រ៊ុយណេ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ៕