(ភ្នំពេញ)៖ ក្រុមហ៊ុន ភីអេច រេសថឹរេន (PH Restaurant Co., Ltd) បានទិញយកជាផ្លូវការនូវប្រតិបត្តិការនៃប្រ៊ែនភីហ្សាហាត់ (Pizza Hut) ក្នុងប្រទេសកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤។ ការទិញយកជាផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុន ភីអេច រេសថឹរេន ដែលជាក្រុមហ៊ុនមួយរបស់ Getz Group ក្នុងការចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការផ្តាច់មុខលំដាប់ពិភពលោករបស់ប្រ៊ែន Pizza Hut។
ក្រោមការគ្រប់គ្រងថ្មីនេះ ក្រុមហ៊ុន PH Restaurant Co., Ltd. គ្រោងនឹងបើកហាង Pizza Hut ប្រមាណ៣៥សាខាបន្ថែមទូទាំងប្រទេស កម្ពុជាក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយផ្អែកលើយុទ្ធសាស្ត្រពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់ និងនាំយកភីហ្សាទៅដល់គ្រប់អតិថិជនក្នុងសហគមន៍។
លោកស្រី Paula Sonthisiri អគ្គនាយិកានៃក្រុមហ៊ុន PH Restaurant Co., Ltd. បានឲ្យដឹងថា «ពួកយើងពិតជារីករាយនិងរំភើបក្នុងការសហការជាមួយ Pizza Hut ដើម្បីបង្កើនវត្តមានរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាប៊្រែនភីហ្សាឈានមុខគេ ដោយផ្តោតលើគុណភាព សេវាកម្ម និងរសជាតិអាហារល្អបំផុតដែលកិត្តិនាមរបស់ Pizza Hut។ ការពង្រីកវត្តមាននេះនឹងបង្កើតឱកាសដ៏មានន័យដល់បុគ្គលិករបស់យើងហើយ ពួកយើងនឹងប្តេជ្ញាចូលរួមចំណែកវិជ្ជមានដល់សហគមន៍»។
ក្រុមហ៊ុន PH Restaurant Co., Ltd. គ្រោងនឹងពឹងផ្អែកលើសហប្រតិបត្តិការក្នុងតំបន់ជារួម និងចំណេះដឹងទីផ្សារក្នុងស្រុក ដើម្បីជំរុញកំណើននេះ។ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន នឹងផ្តោតលើការបើកទីតាំងថ្មីនៅក្នុងតំបន់សំខាន់ៗ ការពង្រឹងសេវាកម្មដឹកជញ្ជូននិងការផ្តល់ជូនបទពិសោធន៍ថ្មី ដើម្បីបំពេញតម្រូវការដែលកំពុងរីកលូតលាស់របស់ប្រជាជនកម្ពុជា។
លោក Vineet Sharma អ្នកគ្រប់គ្រងប្រចាំតំបន់នៃ Pizza Hut អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា «នៅ Pizza Hut ពួកយើងជឿជាក់លើការបង្កើនមិត្តភាព និងភាពស្និទ្ធស្នាល តាមរយៈភាពរីករាយនៃការទទួលទានភីហ្សា។ ពួកយើងមានសេចក្តីរំភើបរីករាយដែលមានដៃគូ ដូចជា ក្រុមហ៊ុន PH Restaurant Co., Ltd. ដែលមានគោលដៅរួមតែមួយ គឺការបង្កើនសក្តានុពលប៊្រែនរបស់ពួកយើង»។ លោកថា នេះជាការចាប់ផ្តើមទំព័រថ្មីដ៏គួរឲ្យរំភើបចិត្តសម្រាប់ Pizza Hut Cambodia។
* អំពី PH Restaurant Co., Ltd.
PH Restaurant Co., Ltd. ជាផ្នែកមួយនៃ Getz Group ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មម្ហូបអាហារ ដោយផ្តោតលើការផ្តល់នូវបទពិសោធន៍ពិសេសនៃការទទួលទានអាហាររួមបញ្ចូលទាំងម្ហូបហូបបែបសកល និងសេវាកម្មដ៏ល្អឥតខ្ចោះ។ ក្រុមហ៊ុន PH Restaurant Co., Ltd. ខិតខំបង្កើតអនុស្សាវរីយ៍ល្អសម្រាប់អតិថិជនរបស់ខ្លួន។ ចក្ខុវិស័យរបស់ក្រុមហ៊ុន PH Restaurant Co., Ltd. គឺដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់បទពិសោធន៍ ទទួលទានអាហារលំដាប់ពិភពលោកដោយផ្តល់ជូននូវសេវាកម្ម និងរសជាតិដែលមិនអាចកាត់ថ្លៃបាន។ ក្រុមហ៊ុន PH Restaurant Co., Ltd. នឹងប្រឹងប្រែងផ្តល់នូវអ្វីដែលលើសពីការរំពឹងទុករបស់អតិថិជន និងក្លាយជាជម្រើសដំបូងសម្រាប់ការទទួលទានអាហារបែបសាមញ្ញ។
* អំពី Pizza Hut®
Pizza Hut ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ នៅទីក្រុង Wichita រដ្ឋកាន់សាស់ ហើយចាប់តាំងពីពេលនោះមកបានទទួលកេរ្តិ៍ឈ្មោះជាអ្នកនាំមុខគេក្នុងការច្នៃប្រឌិតជាមួយនឹងការបង្កើតរូបតំណាង ដូចជា ភីហ្សា Original® Pan និង Original® Stuffed Crust។ នៅឆ្នាំ១៩៩៤ Pizza Hut គឺជាប្រ៊ែនដែលអនុញ្ញាតឲ្យអតិថិជនបញ្ជាទិញអាហារ តាមអ៊ីនធឺណិតដំបូងបង្អស់។ សព្វថ្ងៃនេះ Pizza Hut បន្តឈានមុខគេក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យាជាមួយនឹងទំហំប្រតិបត្តិការជាងពាក់កណ្តាលទូទាំងពិភពលោក បានមកពីការបញ្ជាទិញតាមឌីជីថល។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងប្រភេទភីហ្សាលើពិភពលោក Pizza Hut បានបើកភោជនីយដ្ឋានជាង១៩,០០០ នៅក្នុង១១០ប្រទេស។ តាមរយៈវត្តមានដ៏ទូលំទូលាយ Pizza Hut ក៏នៅតែបន្តបង្កើតឱកាសដល់់បុគ្គលិក និងសហគមន៍ជុំវិញពិភពលោក៕