(មេនឆេស្ទឺរ)៖ ខ្សែបម្រើក្លិប Manchester City កីឡាករ Oscar Bobb បានបាក់ឆ្អឹងជើងនាអំឡុងពេលហ្វឹកហាត់។ នេះបើយោងតាមសារព័ត៌មាន BBC មានផ្សារនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
កីឡាករវ័យ ២១ឆ្នាំ សញ្ជាតិន័រវេសរូបនេះ បានរងរបួសដោយមិនបានប៉ះពាល់ជាមួយនឹងកីឡាករផ្សេងនោះទេ នៅពេលកំពុងហ្វឹកហាត់។
City នឹងធ្វើការវាយតម្លៃពីកម្រិតពេញលេញនៃបញ្ហារបួស ហើយអាចនឹងឱ្យកីឡាកររូបនេះ ធ្វើដំណើរទៅកាន់ទីក្រុង Barcelona ដើម្បីធ្វើការព្យាបាលបន្ថែមទៀតដែរ។
Bobb ដែលបានចូលរួមជាមួយនឹង City ផ្លាស់មកពីក្លិប Valerenga ក្នុងឆ្នាំ២០១៩ នោះ បានធ្វើឲ្យមានការចាប់អារម្មណ៍ សម្រាប់ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Pep Guardiola នៅអំឡុងពេលប្រកួតមុនរដូវកាល និងបានលេង ៨៩នាទី នៃការប្រកួតក្នុងព្រឹត្តិការណ៍ Community Shield ឈ្នះលើគូប្រជែង Manchester United។
សូមជម្រាបថា Bobb បានបង្ហាញខ្លួន ២៦លើក សម្រាប់ City កាលពីរដូវកាលមុន និងបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំ កាលពីខែកុម្ភៈកន្លងទៅ៕