(ស្វាយរៀង)៖ ក្រុមហ៊ុន អិន ស៊ី អិច (NCX) ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្ដាច់មុខនូវម៉ូតូម៉ាកហុងដា (Honda) នោះ ទើបតែបើកហាងលក់ម៉ូតូហុងដាថ្មីមួយឈ្មោះ «ហាងលក់ម៉ូតូ កែរ ឆរ៉ាយុទ្ធ រមាសហែក» នៅទីរួមស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីឱ្យកាន់តែកៀកនឹងអតិថិជននៅមូលដ្ឋានស្រុករមាសហែក កាត់បន្ថយចំណាយទាំងប្រាក់កាក់ និងពេលវេលា ជាពិសេសគឺជាផលិតផលរបស់ក្រុមហ៊ុនសុទ្ធពិតៗ អតិថិជនជឿទុកចិត្តបាន។

ពិធីសម្ពោធហាងថ្មីនេះធ្វើឡើងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិតីភាពលោក បេន កៀស៊្រីថានាកន ប្រធានក្រុមហ៊ុន អិន ស៊ី អិច។

លោក បេន កៀស៊្រីថានាកន បានឱ្យដឹងថា ដោយសង្កេតឃើញថាស្រុករមាសហែក ខេត្តស្វាយរៀង មានប្រជាពលរដ្ឋរស់នៅច្រើនជាងគេទី២ ក្នុងចំណោម៨ស្រុក/ក្រុង នៃខេត្តស្វាយរៀង និងមានអត្រាប្រើប្រាស់ម៉ូតូច្រើនជាងគេទី១ ក្នុង៨ស្រុក/ក្រុង ក្រុមហ៊ុន អិន ស៊ី អិច បានផ្តល់សិទ្ធិជូនលោកស្រី វ៉ាន់ សុផល ប្រធានសាខាម៉ូតូហុងដាមីនីក្រុងស្វាយរៀង បើកហាងលក់ម៉ូតូហុងដា សាខាស្រុករមាសហែកមួយទៀត ដែលបានបើកសម្ពោធនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

លោកបានបន្តថា ហាងលក់ម៉ូតូហុងដា កែរ ឆរ៉ាយុទ្ធ រមាសហែក ទើបបានប្រសូត្រឡើងនៅក្នុងស្រុករមាសហែកនេះ អាចបង្ហាញនូវការរីកចម្រើនរបស់ស្រុករមាសហែកនាបច្ចុប្បន្ន ដែលបន្ថែមលើរចនាសម្ព័ន្ធនានាកាន់តែរីកស្គុះស្គាយឡើង ធ្វើឱ្យស្រុករមាសហែកកាន់តែអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធាក្រោមម្លប់សន្តិភាព។

ប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែកមិនចាំបាច់ធ្វើដំណើរមកក្រុងស្វាយរៀង ឬក្រុងព្រៃវែងទៀតទេ ឥឡូវនេះហាងលក់ម៉ូតូហុងដារបស់ក្រុមហ៊ុន អិន ស៊ី អិច បានមកបើកនៅក្នុងទីរួមស្រុករមាសហែកហើយ ដែលអាចកាត់បន្ថយចំណាយទាំងប្រាក់កាក់ និងពេលវេលា ជាពិសេសគឺជាផលិតផលរបស់ក្រុមហ៊ុនសុទ្ធពិតៗ អតិថិជនជឿទុកចិត្តបាន៕