(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានអនុម័តការទិញភាគហ៊ុនចំនួន៥០ពាន់លានដុល្លារត្រឡប់មកវិញ។ ការទិញយកមកវិញនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃប្រាក់ចំណូលក្នុងត្រីមាសទីពីរនៃឆ្នាំសារពើពន្ធរបស់ខ្លួន ដែលទទួលចំណូលបានច្រើនជាងការរំពឹងទុករបស់អ្នកវិភាគ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

Nvidia បានប្រគល់ប្រាក់ចំនួន ១៥.៤ ពាន់លានដុល្លារទៅឱ្យម្ចាស់ភាគហ៊ុនក្នុងការចែករំលែកភាគហ៊ុនឡើងវិញ និងភាគលាភជាសាច់ប្រាក់ ដែលជាផ្នែកមួយនៃចំណូលក្រុមហ៊ុនក្នុងឆមាសទីមួយនៃសារពើពន្ធឆ្នាំ២០២៥របស់ខ្លួន។ ក្រុមហ៊ុនបាននិយាយថា ខ្លួនមានកញ្ចប់ទឹកប្រាក់ចំនួន ៧.៥ ពាន់លានដុល្លារដែលនៅសេសសល់ក្រោមផែនការទិញភាគហ៊ុននេះ គិតត្រឹមដំណាច់ត្រីមាសទី២ នៃឆ្នាំសារពើពន្ធ។ កាលពីឆ្នាំមុន Nvidia បានប្រកាសទិញភាគហ៊ុនចំនួន ២៥ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃលទ្ធផលសារពើពន្ធក្នុងត្រីមាសទីពីរផងដែរ។ ក្រុមហ៊ុននេះជាញឹកញាប់ជួបប្រទះនឹងការកើនឡើងតម្លៃភាគហ៊ុនឡើងវិញ បន្ទាប់ពីបង្ហាញផែនការទិញភាគហ៊ុនមកវិញ។

ការទិញយកភាគហ៊ុនត្រឡប់មកវិញនេះ មិនមែនមានតែ Nvidia ទេ ព្រោះកាលពីខែឧសភាកន្លងទៅ Apple ក៏បានប្រកាសពីការទិញភាគហ៊ុនចំនួន ១១០ពាន់លានដុល្លារត្រឡប់មកវិញផងដែរ ដែលជាផ្នែកនៃលទ្ធផលសារពើពន្ធរបស់ខ្លួនក្នុងត្រីមាសទីពីរ និងបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួួយនេះកើនឡើង៧% នៅក្នុងការជួញដូរបន្ទាប់ពីការប្រកាសទិញភាគហ៊ុនមកវិញ៕