(ភ្នំពេញ)៖ រឿង «1660 Vine» ជាភាពយន្តហូលីវូដថ្មីមួយក្រោមស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជភាគិនេយ្យ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះបុត្រា នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី ហើយត្រូវបានបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២៤នេះ។
ភាពយន្ត Hollywood រឿង «1660 VINE» ជាប្រភេទភាពយន្តលាយឡំជាមួយនឹងតន្ត្រីថ្មីមួយដែលនិពន្ធដោយផលិតករបរទេស ក្រោមស្នាព្រះហស្តសម្តែងជាតួអង្គឯកដោយអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជភាគិនេយ្យ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះបុត្រា នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី។
ព្រះជន្មទើបតែ២៧ ព្រះវស្សាតែអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ចម្រើនវ័យជាមួយនឹងរូបរាង្គស្រស់សង្ហារ ទ្រង់ហាក់សព្វព្រះទ័យ ថែមទាំងមានទេពកោសល្យផ្នែកវិស័យសិល្បៈពិសេសចម្រៀង និង សម្ដែង។ នៅក្នុងផ្ទៃរឿងទាំងមូលស្នាព្រះហស្ថរបស់ទ្រង់ត្រូវបានអ្នកទស្សនានៅក្នុងថ្ងៃ Pre Screening សរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យដ៏ល្អអស្ចារ្យមួយនេះ។
ភាពយន្ត Hollywood ដ៏កម្រដែលមានស្នាព្រះហស្ថសម្ដែងដោយឈាមជ័រសែរាជវង្សកូនខ្មែរនេះផងដែរ គឺពិតជាស័កិ្តសមបំផុតចំពោះយុវវ័យជាពិសេសអ្នកលេងបណ្ដាញសង្គម ឬអ្នកបង្កើតមាតិកា ដែលចូលចិត្តបង្ហាញខ្លួន ក៏ដូចជាសកម្មភាពតាមរយៈ Social Media ដើម្បីទទួលបានប្រជាប្រិយភាព និងមានអ្នកចាប់អារម្មណ៍ ព្រមទាំងជាកូនសោរឱ្យយើងអាចស្វែងរកខ្លួនឯងឃើញតាមរយៈចំណង់ចំណូលចិត្តពីធម្មជាតិរបស់ខ្លួន។
ជាពិសេសជៀសវាងឱ្យយុវវ័យ ឬ អ្នកលេងបណ្ដាញសង្គមមានការប្រុងប្រយ័ត្នចំពោះការផលិតមាតិការរបស់ខ្លួន ដើម្បីកុំឱ្យមានផលប៉ះពាល់ទៅដល់សង្គម និងទទួលបានការផលវិជ្ជមានតាមបណ្ដាញផ្សព្វផ្សាយ។
នៅក្នុងថ្ងៃសម្ភោធ The premier show of «1660 Vine» នេះ គេសង្កេតឃើញថា ក្រៅពីមានព្រះរាជវត្តមានសែរាជវង្ស និងថ្នាក់ដឹកនាំដែលជាបុគ្គលល្បីៗ ក្នុងនោះក៏រួមមានវត្តមានសិល្បករ-សិល្បការិនី បវរកញ្ញាលំដាប់ប្រទេសកម្ពុជាជាច្រើនរូបបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និង ដើរលើកម្រាលព្រំដ៏អស្ចារ្យនៅក្នុងរាត្រីដ៏គួរឱ្យចងចាំនេះ។
គួរបញ្ជាក់ថា រឿង «1660 Vine» នឹងចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex by Smart ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ នៅគ្រប់រោងភាពយន្តទូទាំងខេត្ត-ក្រុង នៃប្រទេសកម្ពុជា៕