(បរទេស)៖ នាយកប្រតិបត្តិកម្មវិធី TikTok លោក Shou Zi Chew ត្រូវបានរាយការណ៍មកថាបានស្វែងរកយោបល់និងធាតុចូលមួយចំនួនអំពីបញ្ហារបស់ខ្លួននៅសហរដ្ឋអាមេរិកពីមហាសេដ្ឋី Elon Musk ដែលគេស្គាល់ថាជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump។ នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍នាពេលថ្មីៗនេះ និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
របាយការណ៍បានបន្ថែមថា លោក Chew បានសរសេរសារជាមួយ Elon Musk ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានស្នើសុំយោបល់ពីមហាសេដ្ឋីរូបនេះលើប្រធានបទជាច្រើន ចាប់ពីការគ្រប់គ្រងចូលដល់គោលនយោបាយបច្ចេកវិទ្យាដ៏មានសក្តានុពល។ យ៉ាងណាមិញ ជុំវិញរបាការណ៍នេះ ទាំង Elon Musk, TikTok និងរដ្ឋបាលលោក Trump មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់របស់ Reuters ទេ។ យ៉ាងណាក៏ដោយ គេបានដឹងថានាយកប្រតិបត្តិទាំងពីរ មិនបានពិភាក្សាអំពីវិធានការជាក់លាក់ដើម្បីរក្សា TikTok ឱ្យដំណើរការនៅសហរដ្ឋអាមេរិកនោះទេ ដោយបន្ថែមថាលោក Chew បានរក្សាភាពជាអ្នកដឹកនាំជាន់ខ្ពស់របស់ ByteDance អំពីកិច្ចពិភាក្សានេះ ដោយនាយកប្រតិបត្តិរូបនេះមានសុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្នក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខ។
គួរជម្រាបថា លោក Trump ដែលបរាជ័យក្នុងការហាមប្រាម TikTok កាលឆ្នាំ២០២០ បាននិយាយថា ប្រសិនបើលោកជាប់ឆ្នោតក្នុងខែវិច្ឆិកា លោកនឹងមិនអនុញ្ញាតឱ្យ TikTok ត្រូវបានរារាំងនោះទេ ដែលសំដីប៉ុន្មានឃ្លារនេះ ហាក់ធ្វើឲ្យជោគវាសនារបស់ TikTok នៅអាមេរិក មានពន្លឺឡើងវិញ៕