(ញ៉ូវដេលី)៖ ក្រុមហ៊ុន Google របស់ក្រុមមេ Alphabet Inc កៀកនឹងសម្រេចចិត្តលើទីតាំង ក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារសំខាន់របស់ខ្លួន ជាទីកន្លែងដែលក្រុមហ៊ុន នឹងបើកហាងលក់រាយលើកដំបូងរបស់ខ្លួន នៅក្រៅទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ពីប្រភពចំនួន៣ ដែលដឹងពីផែនការ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
Google ចាត់ទុកឥណ្ឌា ជាទីផ្សារកំណើនសំខាន់ ដែលខ្លួនបានប្តេជ្ញាថានឹងវិនិយោគ ចំនួន១០ពាន់លានដុល្លារ។
បច្ចុប្បន្ន Google មានហាងលក់រាយត្រឹមតែ៥ទីតាំងប៉ុណ្ណោះ ដោយទាំងអស់នោះ ស្ថិតនៅសហរដ្ឋអាមេរិក ដែលលក់ផលិតផលទាំងអស់របស់ខ្លួន រួមទាំងទូរស័ព្ទ Pixel, នាឡិកាដៃ និងកាសស្តាប់ត្រចៀក។
ក្រុមហ៊ុន Google បានបដិសេធ ក្នុងការអត្ថាធិប្បាយលើព័ត៌មាននេះ។
ប្រភពមួយបានឱ្យដឹងថា ហាងនោះ នឹងចំណាយពេលយ៉ាងហោចណាស់៦ខែទៀត ទើបបើកដំណើរការ, ទោះយ៉ាងនេះក្តី ពេលវេលាអាចផ្លាស់ប្តូរ។
ប្រភពដដែលបន្ថែមថា មជ្ឈមណ្ឌលព័ត៌មានវិទ្យា Bengaluru នៅភាគខាងត្បូងឥណ្ឌា ក៏ស្ថិតក្នុងការពិចារណាផងដែរ, ប៉ុន្តែទីក្រុង New Delhi និង Mumbai ជាទីតាំងអាទិភាព។
គួររំលឹកថា បច្ចុប្បន្ន Google លក់ផលិតផលរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា តាមរយៈអ្នកលក់រាយដែលមានការអនុញ្ញាត ដូចក្រុមហ៊ុន Apple ផងដែរ។ ប៉ុន្តែក្នុងឆ្នាំ២០២៣ នាយកប្រតិបត្តិ Apple លោក Tim Cook បានធ្វើដំណើរទៅឥណ្ឌា ដើម្បីបើកហាងលក់រាយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនដំបូងរបស់ខ្លួន នៅទីក្រុង Mumbai និងក្រោយមកនៅទីក្រុង New Delhi៕