(អូទ្រីស)៖ កីឡាការិនីជិះស្គីទឹកកក Federica Brignone សញ្ជាតិអ៉ីតាលី ពេលនេះសម្រេចបាននៅគោលដៅក្លាយជាម្ចាស់មេដាយមាសពិភលោកលើកទី២ ក្នុងអាជីពក្រោយឈ្នះការប្រកួតជិះស្គីទឹកកកលើវិញ្ញាសាជិះរវាងបង្គោលច្រកទ្វាចុះចំណោត Giant Slalom ក្នុងកម្មវិធី World Ski Championship 2025 នៅទឹកដីប្រទេសអូទ្រីស ។
សម្រាប់ការប្រកួតប្រជែងលើកវិញ្ញាសានេះ Federica Brignone ជាម្ចាស់មេដាយមាស នឹងលេខ២ បានទៅកីឡាការិនីនូវែលសេឡង់ Alice Robinson ហើយលេខ៣ បានទៅកីឡាការិនីសហរដ្ឋអាមេរិក Paula Moltzan ។
សូមជម្រាបផងថា សម្រាប់កីឡាការិនី Federica Brignone មុនឈានមកឈ្នះមេដាយមាសវិញ្ញាសា Giant Slalom នេះ ដោយឡែកនៅវិញ្ញាសា Super-G ដែលជាវិញ្ញាសាជិះចុះចំណោតរវាងច្រកបង្គោល រូបនាងយកបានត្រឹមមេដាយប្រាក់ ហើយមេដាយមាសបានទៅកីឡាការិនីម្ចាស់ផ្ទះ Stephanie Venier និងមេដាយសំរឹទ្ធ បានទៅលើ Kajsa Vickhoff Lie ។
ជាមួយការប្រកួតផ្នែកនារីនេះដែរ លើវិញ្ញាសា Slalom ការជិះចុះចំណោតរវាងបង្គោល មេដាយមាសបានទៅកីឡាការិនីស្វីស Camille Rest ហើយមេដាយប្រាក់បានទៅកីឡាការិនី Wendy Holdener និងមេដាយសំរឹទ្ធបានទៅម្ចាស់ផ្ទះ Katharina Liensberger ។
នេះក៏ជាការរកបានការឈ្នះមេដាយមាសលើកទី៣ ក្នុងអាជីពរបស់កីឡាការិនី Federica Brignone បន្ទាប់ពីធ្វើបាននៅកម្មវិធីឆ្នាំ២០២៣ នៅឯទឹកដីបារាំង នឹងនៅកម្រិត Junior World Championships 2009 ក្នុងវ័យ ១៩ឆ្នាំ ៕