(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានប្រកាសនៅថ្ងៃពុធនេះថា នឹងដាក់លក់រថយន្តអគ្គិសនី (EV) ម៉ូដែលថ្មីចំនួន ៩ ម៉ូដែលនៅអឺរ៉ុបក្នុងឆ្នាំ២០២៥ និង ២០២៦ សម្រាប់ម៉ាក Toyota និង Lexus លំដាប់ Premium របស់ខ្លូន ដើម្បីប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីដ៏លេចធ្លោ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
Toyota បានបញ្ជាក់ថា សម្រាប់រថយន្តដែលគ្រោងនឹងចេញលក់នៅឆ្នាំនេះរួមមាន រថយន្តអគ្គិសនី SUV ម៉ាក Toyota ចំនួន ៣ គឺកំណែថ្មីនៃ bZ4X, Urban Cruiser និង C-HR+។ ដោយឡែក ៣ ម៉ូដែលទៀតនឹងចេញលក់ឆ្នាំ២០២៦។ ក្រុមហ៊ុន Toyota ក៏នឹងដាក់លក់រថយន្តអគ្គិសនីម៉ាក Lexus ចំនួន ៣ម៉ូដែលនៅអឺរ៉ុបផងដែរ ប៉ុន្តែមិនត្រូវបានចេញលក់ក្នុងឆ្នាំនេះទេ ពោលគឺត្រូវរុញទៅឆ្នាំ២០២៦ ឯណោះ ដោយចាប់ផ្តើមជាមួយម៉ូដែល RZ ថ្មី។
គួរជម្រាបថា ការលក់រថយន្តអគ្គិសនីថ្មីរបស់ Toyota បានកើនឡើងប្រមាណ ៣៧.៣% នៅអឺរ៉ុបក្នុងខែមករា និងបានកើនឡើងជិត ១៧% នៃទីផ្សារអឺរ៉ុបទាំងមូល។ យ៉ាងណាមិញ បើក្រឡេកទៅមើលការលក់របស់ Toyota កាលពីឆ្នាំ២០២៤ កន្លងទៅពេញមួយឆ្នាំបានកើនឡើងខ្ទង់ ១៣.១% ដែលបានឈានដល់ចំនួននាំចេញសរុបជាង ១លានគ្រឿង ខណៈគេរំពឹងថា ឆ្នាំថ្មីនេះអាចមានចំនួនច្រើនជាងឆ្នាំមុន៕