(បរទេស)៖ រដ្ឋាភិបាលវៀតណាម បានអនុម័តជាផ្លូវការនូវក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីលោក Elon Musk ដើម្បីបើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់ខ្លួនដោយផ្អែកលើមូលដ្ឋានសាកល្បងនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ការសម្រេចនេះ នឹងអនុញ្ញាតឱ្យ Starlink ដំណើរការក្នុងប្រទេសវៀតណាមរហូតដល់ដំណាច់ឆ្នាំ ២០៣០ ជាមួយនឹងអតិថិជនមានចំនួនកំណត់ត្រឹម ៦០០,០០០ នាក់ក្នុងអំឡុងពេលសាកល្បង។ យ៉ាងណាមិញ ជុំវិញការអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកបើកដំណើរការសេវាអ៊ីនធឺណិតរបស់ខ្លួន ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថាជាវិធានការមួយក្នុងចំណោមវិធានការដែលមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍បានអនុវត្ត ដើម្បីជៀសវាងការរងការវាយប្រហារដោយពន្ធរបស់សហរដ្ឋអាមេរិក។
តែយ៉ាងណា នៅមិនទាន់ច្បាស់ទេថាតើ SpaceX បានដាក់ពាក្យសុំអាជ្ញាប័ណ្ណដើម្បីបើកដំណើរការសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ឬយ៉ាងណានោះ។ គិតមកទល់ពេលនេះ Starlink មានប្រតិបត្តិការនៅក្នុងទីផ្សារជាង ១២០ នៅទូទាំងពិភពលោករួចទៅហើយ។
គួរជម្រាបថា ក្រុមហ៊ុន Starlink ត្រូវបានអនុញ្ញាតឱ្យផ្តល់ផែនការសេវាថេរ និងចល័តនៅទូទាំងប្រទេសវៀតណាម រួមទាំងសេវាកម្មនៅលើជើងហោះហើរផងដែរ។ ខណៈដែលវា គឺជាការពង្រឹងការតភ្ជាប់សម្រាប់អ្នកដំណើរក្នុងអំឡុងពេលធ្វើដំណើរតាមផ្លូវអាកាស នឹងស្របតាមគោលដៅនៃការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសវៀតណាម ជាពិសេសនៅក្នុងតំបន់ដែលហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតប្រពៃណីមានកម្រិត ឬមិនអាចប្រើបាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលវៀតណាម៕