(វ៉ាស៊ីនតោន)៖ គ្រប់មន្រ្តីអាជ្ញាកណ្តាលក្នុងទីលានទាំងអស់ នឹងមានបំពាក់ដោយកាមេរ៉ានៅជាប់ដងខ្លួន (body cameras) ពេលដឹកនាំការប្រកួតនានាក្នុងព្រឹត្តិការណ៍ក្លិបអន្តរទ្វីប Club World Cup 2025 នៅសហរដ្ឋអាមេរិក។

លោក Pierluigi Collina ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាល FIFA បានថ្លែងថា «វាជាឱកាសដ៏ល្អមួយ ក្នុងការផ្តល់ឱ្យនូវបទពិសោធន៍ក្នុងបាល់ទាត់ ដើម្បីផ្តិតយករូបភាពបានគ្រប់ជ្រុងជ្រោយ ដែលកន្លងមកមិនធ្លាប់មាន»

លោក Jarred Gillertt បានក្លាយជាអាជ្ញាកណ្តាលដំបូងគេ ដែលបានពាក់ bodycams ចំពោះការសាកល្បងនៅ Premier League នៃការប្រកួតរវាង Crystal Palace ដោយបានបំបាក់ Manchester United ៤-០ នាអំឡុងខែឧសភា ឆ្នាំ២០២៤។

ឧបករណ៍ថ្មីនេះដែរ កាន់តែធ្វើឱ្យការប្រកួតសុក្រឹត្យខ្លាំងឡើង និងមានការឡង់សេចំពោះអាជ្ញាកណ្តាលថែមទៀតផង ថែមទាំងអាចកាត់បន្ថយនូវការអើងរើសជាតិសាសន៍ ចំពោះអាជ្ញាកណ្តាលទៀតផង។

មិនត្រឹមតែនៅអង់គ្លេស bodycams ក៏ត្រូវបានប្រើប្រាស់សាកល្បងក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga រវាងជំនួបធំ Bayern Munich និង Borussia Dortmund ស្របពេលក្របខណ្ឌកំពូល Major League Soccer ក៏បានប្រើដែរនាពេលថ្មីៗនេះ៕