(អាស៊ី)៖ ស្ថាប័គ្រប់គ្រងបាល់ទាត់អាស៊ី AFF បានចេញសេចក្ដីប្រកាសព័ត៌មានថា នឹងមានការប្រកួតមិត្តភាពអន្តរជាតិរវាង ASEAN ALL-STARS ជាមួយក្លិបបាល់ទាត់ MANCHESTER UNITED FC, ក្នុងកម្មវិធីប្រកួត (Maybank Challenge Cup) ដែលគ្រោងនឹងរៀបចំការប្រកួតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។
យោងតាមសេចក្តីប្រកាសនាថ្ងៃទី១០ ខែមេសានេះ ការប្រកួតនេះនឹងក្លាយជាប្រវត្តិសាស្ត្រនៃជំនួបមិត្តភាពជាមួយក្រុម Manchester United ដែលធ្វើឡើងនៅកីឡដ្ឋាន Bukit Jalil Nations Stadium ប្រទេសម៉ាឡេស៊ី ខណៈក្រុម ASEAN ALL-STARS នឹងស្ថិតក្រោមដឹកនាំដោយលោក Kim Sang Sik គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង ដែលកំពុងកាន់តួនាទីគ្រូជម្រើសជាតិវៀតណាមបច្ចុប្បន្ន។
គ្រូបង្វឹក Kim Sang Sik បាននិយាយថា «វាជាកិត្តិយសមួយដែលបានដឹកនាំកីឡាករឆ្នើមពីទូទាំងតំបន់អាស៊ានក្នុងការ ប្រកួតដ៏អស្ចារ្យនេះ។ យើងមិនគ្រាន់តែតំណាងឲ្យប្រជាជាតិរបស់យើងប៉ុណ្ណោះទេ យើងកំពុងបង្ហាញ ពិភពលោកនូវមោទនភាព ស្មារតី និងកម្លាំងនៃតំបន់របស់យើងផងដែរ»។
មានរយៈពេល១៦ឆ្នាំហើយ ក្រោយពីការបង្ហាញខ្លួនលើកដំបូងរបស់ Manchester United នៅក្នុងប្រទេសម៉ាឡេស៊ី ព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់ នាំមកនូវវប្បធម៌ចម្រុះ និងបង្ហាញពីចំណង់ចំណូលចិត្ត និងការរីកចម្រើននៃបាល់ទាត់នៅក្នុងតំបន់អាស៊ាន។
លោក ខៀវ សាម៉េត ប្រធាន AFF មានប្រសាសន៍ថា «គ្រូបង្វឹក គីម គឺជានិមិត្តរូបនៃភាពរីកចម្រើន ឆ្ពោះទៅមុខ និងវិជ្ជាជីវៈ។ ការដឹកនាំរបស់គាត់ នឹងជំរុញទឹកចិត្តមិនត្រឹមតែកីឡាកររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែកីឡាករបាល់ទាត់ និងអ្នកគាំទ្រជាជំនាន់តែម្ដង។ ការប្រកួតនេះគឺជាពេលវេលា នៃមោទនភាពសម្រាប់តំបន់របស់យើង ហើយជាការរំលឹកថា បាល់ទាត់ពិតជាអាចលើកស្ទួយជីវិតបាន។ តាំងនាមឲ្យ AFF ខ្ញុំក៏សូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះ ProEvents សម្រាប់ការរៀបចំការប្រកួតនេះ។ សូមអរគុណចំពោះសមាគមបាល់ទាត់ នៃប្រទេសម៉ាឡេស៊ី (FAM) សម្រាប់ការគាំទ្រ និងភាពជាដៃគូឥតងាករេ របស់ពួកគេក្នុងនាមជាសមាគម សមាជិកម្ចាស់ផ្ទះ និងអរគុណដល់ Maybank សម្រាប់ការឧបត្ថម្ភធំនៃពានរង្វាន់នេះ»។
សូមជម្រាបផងថា បើយោងតាមសេចក្តីប្រកាសនេះ ក្រុម ASEAN All-Stars នឹងជ្រើសយកកីឡាករកំពូលៗ ដែលត្រូវបានជ្រើសរើសពីសមាគមសមាជិក AFF ទាំង១២ ដែលនឹងឆ្លុះបញ្ចាំងពីភាពចម្រុះគ្នា និងការរួមកម្លាំងនៃបាល់ទាត់អាស៊ីអាគ្នេយ៍ ដោយនឹងធ្វើឱ្យព្រឹត្តិការណ៍នេះមានអត្ថន័យ និងមិនអាចបំភ្លេចបានបំផុតប្រចាំឆ្នាំ។
ចំណុចសំខាន់មួយវិញទៀត ការប្រកួតនេះមានគោលបំណងបម្រើជាគំនិតផ្តួចផ្តើម រៃអង្គាសប្រាក់ក្នុងការគាំទ្រមូលនិធិ AL- Sultan Abdullah Foundation (YASA) ដែលជាអង្គការសប្បុរសធម៌ដ៏គួរឱ្យគោរពនៅក្នុង ប្រទេសម៉ាឡេស៊ី ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ AFF ក្នុងការធ្វើឱ្យមានផលជាវិជ្ជមានលើសពីការប្រកួតបាល់ទាត់។ ការចូលរួមចំណែករួមរបស់ពួកគេមានសារៈសំខាន់ណាស់ ក្នុងការនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឲ្យដំណើរការបាន៕