(បរទេស)៖ ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍មកថា បានផ្អាកការសាងសង់ជាបណ្ដោះអាសន្នលើគម្រោងមជ្ឈមណ្ឌលទិន្នន័យជាច្រើន (Data Center) នៅទូទាំងពិភពលោក រួមទាំងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងរដ្ឋ Ohio ដែលមានតម្លៃ ១ពាន់លានដុល្លារផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
ហេតុផលនៅក្រោយនៃការផ្អាកនេះ ត្រូវបានប្រភពខាងលើបញ្ជាក់ថា ក្រុមហ៊ុន Microsoftកំពុងវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួនចំពេលមានការផ្លាស់ប្តូរតម្រូវការបច្ចេកវិទ្យា និងការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ។ ជាមួយគ្នានោះ Microsoft ក៏ត្រូវសិក្សាឡើងវិញអំពីសក្ដានុពលនៅក្នុងការកំណត់ពេលវេលានៃការអភិវឌ្ឍ AI, ការចរចារឡើងវិញនូវលិខិតអនុញ្ញាតសាងសង់ជាមួយអាជ្ញាធរមូលដ្ឋាន, ឥទ្ធិពលសេដ្ឋកិច្ចលើសហគមន៍មូលដ្ឋាន រួមទាំងការផ្អាកបណ្តោះអាសន្នក្នុងការបង្កើតការងារសំណង់ដែលរំពឹងទុក និងភាពមិនច្បាស់លាស់ជុំវិញការកំណត់ពេលវេលាសរុបរបស់គម្រោង និងលក្ខណៈបច្ចេកទេសចុងក្រោយនៃការរចនា។
ការពន្យាពេល ឬផ្អាកផ្អាកការសាងសង់ជាបណ្ដោះអាសន្នលើគម្រោងមជ្ឈមណ្ឌលទិន្នន័យនេះ អាចបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងសំខាន់ចំពោះសមត្ថភាព AI និង cloud computing របស់ក្រុមហ៊ុន។
យោងតាមប្រភពខាងលើបានឱ្យដឹងការពន្យាពេល ឬផ្អាកនេះបានប៉ះពាល់ដល់គម្រោងមជ្ឈមណ្ឌលទិន្នន័យជាច្រើនប្រទេសដូចជា ប្រទេសឥណ្ឌូនេស៊ី ចក្រភពអង់គ្លេស អូស្ត្រាលី និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋ Illinois និង North Dakota ផងដែរ។ ទោះបីជាមានការលុបចោលទាំងនេះក៏ដោយ ក៏ Microsoft នៅតែប្ដេជ្ញាវិនិយោគប្រហែល ៨០ពាន់លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ក្នុងឆ្នាំ២០២៥៕