(បរទេស)៖ ក្រុមហ៊ុន Samsung Electronics បានចេញផ្សាយការណែនាំអំពីប្រាក់ចំណូលរបស់ខ្លួនសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ ដោយបង្ហាញពីដំណើរការដ៏រឹងមាំជាមួយនឹងការលក់រួមដែលត្រូវបានព្យាករណ៍ថាមានចំនួនប្រហែល ៧៩ ពាន់ពាន់លានវ៉ុនរបស់កូរ៉េ (ប្រហែល ៥៤ ពាន់លានដុល្លារ) និងប្រាក់ចំណេញប្រតិបត្តិការប្រហែល ៦.៦ ពាន់ពាន់លានវ៉ុន (ប្រហែល ៤.៥ ពាន់លានដុល្លារ)។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

គួរជម្រាបថា ការណែនាំនេះលើសពីការរំពឹងទុករបស់ទីផ្សារ ដោយការលក់កើនឡើង ៩.៨៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណេញប្រតិបត្តិការធ្លាក់ចុះត្រឹមតែ ០.១៥% ប៉ុណ្ណោះ។ យ៉ាងណា របាយការណ៍ពេញលេញសម្រាប់ត្រីមាសទី១​ ឆ្នាំ២០២៥ នេះនៅមិនទាន់រួចរាល់ជាផ្លូវការនៅឡើយនោះទេ ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung ទំនងនឹងប្រកាសជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ៕