(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មន្ទីរព្យាបាលធ្មេញបស្ចិម មានកិតិ្តយសរៀបចំពិធីអបអរសាទរខួប ទី២៦ឆ្នាំ ជាមួយនិងការសម្រេចបានជោគជ័យយ៉ាងល្អនៅក្នុងវិស័យសុខភាពមាត់ធ្មេញ។ ព្រឹត្តិការណ៍សំខាន់នេះ ធ្វើឡើងក្នុងវត្តមានរបស់ក្រុមប្រឹក្សាភិបាល ភ្ញៀវកិត្តិយសនិងបុគ្គលិកទាំងអស់ក្នុងបរិយាកាសសប្បាយរីករាយ និងមោទនភាពបំផុត។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ទេព ណារី ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរព្យាបាលធ្មេញបស្ចិម បានសម្តែងនូវអំណរអរគុណចំពោះអតិថិជនទាំងអស់ និងក្រុមការងារ «យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឈានដល់ឆ្នាំទី២៦ ក្នុងការផ្ដល់ សេវាកម្មថែទាំសុខភាពមាត់ធ្មេញដល់សហគមន៍របស់យើង សេចក្ដីទុកចិត្តពីអតិថិជន និង ការខិតខំប្រឹងប្រែងរបស់ក្រុមការងារគឺជាកម្លាំងជុំរុញដ៏សំខាន់បំផុត»។ លោក បានរំលឹកថា បស្ចិមបានចាប់ផ្ដើមកកើតនៅឆ្នាំ១៩៩៩ ដោយចាប់ផ្ដើមជាមួយកៅអីធ្មេញតែមួយ ប៉ុណ្ណោះហើយមានមនុស្សម្នាក់ដែលយើងមិនអាចបំភ្លេចបានគឺ Dr. Wataru Shizama គឺជាមិត្តភក្តិជប៉ុនដ៏ល្អ ដែលបានជួយជ្រោមជ្រែងក្នុងការចាប់ផ្ដើមគ្រាដំបូងរបស់គ្លីនីក។
រយៈពេល២៦ឆ្នាំមកនេះ មន្ទីរព្យាបាលធ្មេញបស្ចិម បានឆ្លងកាត់នូវដំណាក់កាលលំបាកនិង បញ្ហាប្រឈម ជាច្រើន ប៉ុន្តែបស្ចិមនៅតែបន្តការខិតខំប្រឹងប្រែងនឹងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មព្យាបាលជូនអតិថិជន តាមរយៈការអភិវឌ្ឍន៍ខ្លួន ការវិនិយោគលើទំនើបកម្មសម្ភារៈបរិក្ខារទន្តសាស្រ្ត បច្ចេកវិទ្យាទំនើបៗ ការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អបរិស្ថានកន្លែងព្យាបាល ជាមួយនឹងទន្តបណ្ឌិតឯកទេសដែលមានជំនាញច្បាស់លាស់ ក្នុងការផ្ដល់សេវាកម្មព្យាបាលប្រកបដោយគុណភាពខ្ពស់។ យើងមានកិច្ចសហការយ៉ាងល្អជាមួយ ក្រសួងសុខាភិបាល ស្ថាប័ន ក្រុមហ៊ុន អង្គការដៃគូរនានា ការជ្រោមជ្រែង ពីគណៈទន្តពេទ្យកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យមន្ទីរព្យាបាលធ្មេញបស្ចិម រឹងមាំនិងបន្តឈរជា មន្ទីរព្យាបាលធ្មេញ ឈានមុខគេនៅប្រទេសកម្ពុជា។
លោក ទេព ណាវី មានប្រសាសន៍ថា «ថ្វីត្បិតតែបស្ចិមជាស្ថាប័នឯកជនក៏ដោយ ប៉ុន្តែ បស្ចិម តែងតែយកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញរបស់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាពទទួលសេវាកម្ម ព្យាបាលដោយអនុវត្តន៍តាមរយៈសកម្មភាពមនុស្សធម៌នានា ដូចជា៖ ការថែទាំសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃដល់កុមារកំព្រា ការឧបត្ថមទៅកាន់មន្ទីរពេទ្យគន្ធបុបា្ផ ក្រុមទូកង ឧបត្ថមការប្រកួតកីឡា ជាពិសេសបានចូលរួមចំណែកដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជននៃសម្ដេចតេជោ (TYDA) និងកាកបាទក្រហមកម្ពុជាស្របតាមបេសសកម្មរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ លើសពីនេះ មន្ទីរព្យាបាលធ្មេញបស្ចិមបានផ្សព្វផ្សាយការអប់រំសុខភាពមាត់ធ្មេញតាមរយៈការធ្វើបទបង្ហាញ នៅសាលារដ្ឋ និងឯកជន សហគ្រាស និងអង្គការនានា ដែលមានអ្នកចូលរួមរាប់ពាន់នាក់ ជាមួយការ ចែករំលែកចំណេះដឹង សំខាន់ៗអំពីអនាម័យ និងការថែទាំសុខភាពមាត់ធ្មេញ»។ លោក មានប្រសាសន៍បន្តទៀតថា «មន្ទីរព្យាបាលធ្មេញបស្ចិមបានបំពាក់នូវឧបករណ៍ និងបច្ចេកវិទ្យា ទន្តសាស្រ្តឌីជីថលទំនើបៗបំផុតដូចជា ម៉ាស៊ីន ថតអ៊ិចរ៉េឌីជីថល [ CBCT-3D (Smart & Green X12) ] និងម៉ាស៊ីនថតក្នុងមាត់ (Intra-Oral Scanner ) ដែលជាម៉ាស៊ីនទន្តសាស្រ្តទំនើបចុងក្រោយបំផុត ដែលអាចថតបានលឿនជាងមុន ច្បាស់ជាងមុន និងងាយស្រួលក្នុង ការធ្វើរោគវិនិច្ឆយឲ្យកាន់តែបានច្បាស់លាស់»។
មន្ទីរព្យាបាលធ្មេញបស្ចិម តែងតែយកចិត្តទុកដាក់ខ្ពស់លើសម្ភារៈប្រើប្រាស់ឧបករណ៍ព្យាបាលទំនើបៗ រូមមាន បច្ចេកវិទ្យាដាំបង្គោលធ្មេញអ៊ឹមផ្លាន Straumann ពីប្រទេសស្វីស, Osstem របស់កូរ៉េខាងត្បូង ក៏ដូចជា បច្ចេកទេសពត់ធ្មេញជាមួយសំភារៈពត់ធ្មេញ Damon របស់អាមេរិក និង Forestadent ពីអាឡឺម៉ង់ជាដើម។ មន្ទីរព្យាបាលធ្មេញបស្ចិម ក៏មានមន្ទីរផលិតផលគ្រាប់ធ្មេញ ដែលបំពាក់ដោយ បច្ចេកវិទ្យាឌីជីថល របស់ខ្លួនផងដែរ។ ក្រៅពីមូលដ្ឋាមសម្ភារៈ និងបច្ចេកវិទ្យាទំនើប យើងនៅតែបន្តជំរុញការអភិវឌ្ឍន៍សមត្ថភាពក្រុមការងារទាំងអស់ ជាពិសេស គឺទន្តបណ្ឌិតជំនាញរបស់យើងដើម្បីឲ្យស្របតាមទិសដៅណែនាំរបស់គ្លីនីកផ្ទាល់ និងពីគណៈទន្ត ពេទ្យកម្ពុជា (Continuing education points) ក្នុងការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំតាមរយៈការចូលរួមវគ្គសិក្សាសិក្ខាសិលាទាំងក្នុងនិងក្រៅប្រទេស។
រយៈពេល ២៦ឆ្នាំនៃភាពជោគជ័យ របស់មន្ទីរព្យាបាលធ្មេញបស្ចិម អាចជាពេលវេលាដ៏យូរអង្វែងមួយ ប៉ុន្តែបស្ចិមនៅតែបន្តការខិតខំប្រឹងប្រែងរៀបចំផែនការនិងកិច្ចការធំៗជាច្រើនទៀត ក្នុងការសម្រេចនូវទស្សនវិស័យរបស់ខ្លួនដើម្បីក្លាយជា «គ្លីនីកឈានមុខគេក្នុងវិស័យសុខភាពមាត់ធ្មេញក្នុងប្រទេស ក៏ដូចជាក្នុងតំបន់»។
ជាចុងបញ្ចប់ លោក ទេព ណាវី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូសហការ និងបុគ្គលិកទាំងអស់ ដែលបានរួមចំណែកក្នុងភាពជោគជ័យរបស់មន្ទីរព្យាបាលធ្មេញបស្ចិម។ លោកបានសង្កត់ធ្ងន់ថា ការជឿជាក់ និងទំនុកចិត្តរបស់អតិថិជន នឹងការយកចិត្តទុកដាក់របស់ក្រុមការងារទាំងមូលជាកម្លាំងចលករនៅពីក្រោយសមិទ្ធផលដែលសម្រេចបាន ។ នៅក្នុងឆ្នាំនេះ យើងសន្យាថា នឹងបន្តការខិតខំប្រឹងប្រែង ផ្ដល់សេវាកម្មថែទាំសុខភាពមាត់ធ្មេញ ជាមួយវិជ្ជាជីវៈ សុច្ចរិតភាព និងការយក ចិត្តទុកដាក់ចំពោះអតិថិជនរបស់យើងអោយបានកាន់តែល្អប្រសើរបំផុត ។
ទន្ទឹមនឹងការអបអរសាទរខួប២៦ឆ្នាំរបស់មន្ទីរព្យាបាលធ្មេញបស្ចិម និងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ទេព ណាវី សូមជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមទេវត្តាឆ្នាំថ្មី ព្រះនាងគោរោគៈទេវី សូមប្រសិទ្ធិពរជ័យ បវរសួស្ដី ជូនចំពោះអតិថិជនរបស់មន្ទីរព្យាបាលធ្មេញបស្ចិម ក្រុមការងារទាំងអស់ និង ជនរួមជាតិកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។