(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដែលត្រៀមលក្ខណៈបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ ខាងមុខ ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ការជួបជុំជាមួយមន្ដ្រីថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាជាតិនេះ ផ្ដោតលើការបញ្ជ្រាបព័ត៌មាន ក៏ដូចជាពិនិត្យលើកិច្ចការងារសំខាន់ៗ ដែលត្រូវពន្លឿនការងាររៀបចំ ក៏ដូចជាការពង្រឹងការត្រៀមលក្ខណៈឲ្យបានកាន់តែប្រសើរ ដើម្បីចូលរួមការប្រកួត ទាំងឯកសារស្នាមផ្សេងៗ ព្រមទាំងការរៀបចំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សម្រាប់ធ្វើការចុះឈ្មោះចូលរួម។
ក្រៅពីការត្រៀមលក្ខណៈចូលរួមប្រកួតរបស់ប្រតិភូកីឡាកម្ពុជា លោកក៏បានផ្ដោតសំខាន់សម្រាប់ការត្រៀមលក្ខណៈទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេន បន្ទាប់ពីបារ៉ែន សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ នៅប្រទេសកម្ពុជា ។ ដូច្នេះក្រៅពីការបញ្ជូនប្រតិភូកីឡា កម្ពុជាក៏នឹងត្រៀមរៀបចំនូវប្រតិភូផ្នែកសិល្បៈ និងវប្បធម៌ ដើម្បីសម្ដែងស្វាគមន៍ទទួលបណ្ដាប្រទេសផ្សេងៗ មកកាន់ប្រទេសកម្ពុជា នាឆ្នាំ២០២៩ ផងដែរ។
គួរដឹងថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ដោយកម្ពុជា បានត្រៀមបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡាចូលរួម រួមមានសហព័ន្ធកីឡាហែលទឹកកម្ពុជា(កីឡាបាល់ទះលើទឹក), អត្តពលកម្ម, វាយសី, បាល់បោះ, យូដូ, ជឺជីតស៊ូ, គុនចម្រុះ, ទោចក្រយាន, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, ប្រដាល់, និងកីឡាប្រដាល់សកល។ ចំពោះចំនួនអត្តពលិក និងវិញ្ញាសា នឹងត្រូវប្រជុំសម្រេចក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗខាងមុខ៕