(ភ្នំពេញ)៖ តារាចម្រៀង ព្រាប សុវត្ថិ បានចេញបទចម្រៀងថ្មីជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្ររបស់ខ្លួន។ ជាក់ស្ដែងខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់នាដើមសប្ដាហ៍ក្រោយ តារាចម្រៀងរូបនេះ បានទម្លាក់បទចម្រៀងបែបកន្ទ្រឹម ជាច្រើនបទ កំពុងធ្វើអោយមហាជន និងហ្វេនៗអន្ទះសារចង់ចេញទៅស្រុកភ្លាមៗ។

ជាក់ស្ដែងបទចម្រៀងទើបតែចេញក្ដៅៗលើបណ្ដាញសង្គមរបស់ Galaxy Navatra មានដូចជាបទ «ក្រមុំឆ្នាស» និងបទ «ជួបតែគូកម្ម»។ ក្រៅតែពីបទចម្រៀងនេះ បទចម្រៀងថ្មីៗជាច្រើនទៀត ពីតារាចម្រៀងខាងលើក៏កំពុងទទួលបានការគាំទ្រខ្លាំពីមហាជន សម្រាប់រាំ លេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រាល់បទចម្រៀង​របស់តារាចម្រៀង ព្រាប សុវត្ដិ ទាំងអត្ថន័យនៃបទចម្រៀង ការតាក់តែងនិពន្ធទំនុកភ្លេង គឺពិតជាស័ក្តិសមនិងសម្លេង ជាពិសេសវិដេអូនៃការផលិតក្នុងបទចម្រៀងនេះ គឺផលិតឡើងយ៉ាងសម្រិតសម្រាំង ត្រជាក់ភ្នែក ធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយរូបភាព ហើយចង់រាំលេងកម្សាន្តតាមចង្វាក់ភ្លេង ។

តាមរយៈបទចម្រៀងទាំង៣បទខាងលើ របស់តារាចម្រៀង ព្រាប សុវត្ថិ មានមតិជាច្រើនលើកឡើងនៅលើបណ្ដាញសង្គមដោយបានសរសើរទៅកាន់តារាចម្រៀង ព្រាប សុវត្ថិ ក៏ដូចជាផលតិកម្មថា ពីមួយឆ្នាំទៅមួយឆ្នាំតែងតែមានបទចម្រៀងពីរោះៗ និងប្លែកៗ ធ្វើឱ្យពិធីបុណ្យប្រពៃណីជាតិខ្មែរកាន់តែមានភាពសប្បាយរីករាយ ។

សូមបញ្ជាក់ថា ក្រៅពីបទចម្រៀងកន្ទ្រឹម ត្រៀមចូលឆ្នាំថ្មីនេះតារាចម្រៀង ព្រាប នៅតែមានបទចម្រៀងផ្សេងៗដែលជាតម្រូវការរបស់អ្នកស្ដាប់ និងអ្នករាំកម្សាន្ត ហើយនៅតែជាតារាលំដាប់ជួរមុខ បើទេាះបីជាមានវ័យជ្រេបន្តិចហើយក្ដី៕

https://youtu.be/Tu8BENQdiG0?si=wLVv4ysh0z7j6X-V