(មេនឆេស្ទើ)៖ កីឡាករអន្តរជាតិហូឡង់ Joshua Zirkzee ប្រហែលជាអវត្តមានដល់ចប់រដូវកាលឆ្នាំ២០២៤-២៥ តែម្តង បន្ទាប់ពីរងរបួសសរសៃពួរជាទម្ងន់រួចមក កាលពីរាត្រីថ្ងៃអាទិត្យ ចំពេលដែល Manchester United បានកំពុងស្ថិតនៅលេខរៀងទី១៤ បណ្តោះអាសន្នក្នុងលីគ។

ខ្សែប្រយុទ្ធវ័យទើបតែ ២៣ឆ្នាំរូបនេះ ដែលរកបាន ៣គ្រាប់ពីការចូលលេង ៣២ប្រកួតនៅ Premier League រដូវកាលនេះ ត្រូវបានបង្ខំចិត្តប្តូរចេញនៅវគ្គទី២ នៃជំនួបដែលបិសាចក្រហមចាញ់ម្ចាស់ផ្ទះសារិព្រៃ ៤-១ ក្នុងលីគសប្តាហ៍ទី៣២ កាលពីរាត្រីថ្ងៃអាទិត្យ ទី១៣ ខែមេសា។

គ្រូបង្គោល Man Utd លោក Ruben Amorim នឹងបញ្ជាក់ច្បាស់ពីស្ថានភាពរបួសរបស់ Zirkzee នៅក្នុងសន្និសីទនាថ្ងៃពុធនេះ មុនជំនួបទល់នឹង Lyon នៅកីឡដ្ឋាន Old Trafford ជើងទី២ នៅពាន Europa League 2024-25។

Man Utd ម្ចាស់ជើងឯកលីគអង់គ្លេសចុងក្រោយនារដូវកាល ២០១២-១៣ នៅសល់ ៦ប្រកួតទៀត ដើម្បីបិទរដូវកាល Premier League 2024-25 ដ៏ពេញលេញ និងត្រូវប្រឈមមុខទល់នឹង Aston Villa នៅថ្ងៃប្រកួតចុងក្រោយនាថ្ងៃទី២៥ ខែឧសភា។ ប្រសិនបើ United បានឈានដល់វគ្គផ្តាច់ព្រ័ត្រ UEL ពួកគេនឹងធ្វើដំណើរទៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥៕