(ឡុងដ៏)៖ ខ្សែបម្រើឆ្នើមតំបន់អាស៊ី សញ្ជាតិកូរ៉េខាងត្បូង Son Heung-min នឹងគ្មានវត្តមានជួយក្រុម Tottenham Hotspur លេងទល់ក្រុម Eintracht Frankfurt នៅជើងទី២ ពានលំដាប់ទី២ អឺរ៉ុប UEFA Europa League នាថ្ងៃទី១៨ ខែមេសានេះ ។
អ្នកចាត់ការក្រុមមាន់ខ្នាយមាសលោក Ange Postecoglou បានប្រាប់អ្នកសាព័ត៌មាននាថ្ងៃពុធថា «Son មិនបានធ្វើដំណើរចូលរួមប្រកួតចុងក្រោយនេះទេ ដោយគាត់បានតស៊ូជាមួយបញ្ហារបួសជើង ក្នុងរយៈពេល ៣សប្តាហ៍មកហើយ ហើយមានការឈឺខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ»។
សូមជម្រាបផងថា ការប្រកួតវគ្គ ១/៤ផ្តាច់ព្រ័ត្រ ក្រុមទាំងពីរត្រូវការឈ្នះដាច់ខាតបន្ទាប់ពីលទ្ធផលជើងទី១ លេងស្មើគ្នា ១-១ ខណៈក្រុម Spurs ត្រូវការឈ្នះ ដើម្បីស្វែងរកឱកាសឈ្នះពានក្នុងរដូវកាលដ៏លំបាកនេះរបស់ពួកគេ ។ ក្រោយការដឹកនាំដោយលោក Postecoglou ក្នុងលីគ Premier League បានកំពុងឈរលេខរៀងទី១៥ គិតត្រឹម ៣២ប្រកួត ៕