(ភ្នំពេញ)៖ មន្ដ្រីជំនាញកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានជំរុញប្រតិភូ គ្រូបង្វឹក គ្រប់រាជធានី-ខេត្ត ដែលត្រៀមដឹកនាំសិស្សានុសិស្សចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ខាងមុខ ផ្ដោតការយកចិត្តទុកដាក់លើសៀវភៅបច្ចេកទេស និងការត្រៀមលក្ខណៈផ្សេងៗ ដើម្បីធានាការប្រកួតបានប្រព្រឹត្តទៅដោយរលូន ដ្បិតការប្រកួតនេះ ផ្ដោតសំខាន់លើការលើកកម្ពស់ការសិក្សារបស់សិស្ស មិនមែនផ្ដោតតែលើលទ្ធផលឈ្នះ ឬចាញ់នោះទេ។
នេះបើតាមការបញ្ជាក់របស់លោក ប៉ុន សុខ អគ្គនាយកកីឡា នៃអគ្គនាយកដ្ឋានកីឡា តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំនាយបេសកកម្មលើកទី២ ស្ដីពីការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ នៅថ្ងៃទី២២ ខែមេសានេះ មុនការប្រកួតផ្លូវការ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី២-១១ ខែឧសភាខាងមុខ ។ ក្នុងនោះក៏មានការចាប់ឆ្នោតបែងចែកពូលប្រកួត សម្រាប់ប្រភេទកីឡាជាក្រុមចំនួន ៣ រួមមានកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះផងដែរ។
លោកបន្ដថា ការប្រកួតកីឡាសិស្សបឋមសិក្សឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «កីឡាដើម្បីសុខភាពសិក្សា» មានន័យថា ការប្រកួតក្របខណ្ឌសិស្សបឋមនេះ គឺដើម្បីលើកកម្ពស់ និងជំរុញសុខភាពសិក្សារបស់សិស្សឲ្យកាន់តែប្រសើរ ។ ដូច្នេះលោកបានសំណូមពរឲ្យសហព័ន្ធជាតិ និងរាជធានី-ខេត្ត ពិសេសគ្រូបង្វឹក និងគ្រូជំនួយ ត្រូវពិនិត្យឲ្យបានច្បាស់លើសៀវភៅបច្ចេកទេស តាមប្រភេទកីឡានីមួយៗ ដើម្បីចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុក្នុងការប្រកួត ក៏ចៀសវាងនូវហិង្សាណាមួយលើទីលាន ពោលគឺដើម្បីធានាការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
លោកហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានរាយការណ៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ មាន ១៣ប្រភេទកីឡា រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល ប៉េតង់ គុនល្បុក្កតោ ហែលទឹក គុនដាវ និងចំបាប់ ដោយមានប្រតិភូ និងអត្តពលិកចូលរួមប្រមាណជាង ៣ពាន់នាក់មកពីទូទាំងប្រទេស៕