(បរទេស)៖ អ្នកចាំទីក្លិប FC Porto កីឡាករ Diogo Costa ក្លាយជាគោលដៅរបស់ Manchester United ដែលក្លិបបិសាចក្រហមកំពុងស្វែងរកអ្នកចាំទីថ្មី ដើម្បីអាចជំនួសដៃ Andre Onana, នេះបើតាមប្រភពពីកាសែត Correio da Manha របស់ព័រទុយហ្គាល់ បានឱ្យដឹងនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។

ក្លិបនៃលីគអគ្លេស Premier League ជាច្រើនក៏មានការចាប់អារម្មណ៍លើអ្នកចាំទីវ័យ ២៥ឆ្នាំ Diogo Costa រួមទាំង Manchester City នាពេលនេះ ខណៈបិសាចក្រហមបានបញ្ជូនអ្នកភ្នាក់ងារទៅមើលអ្នកចាំទីរូបនេះក្នុងការប្រកួតទល់នឹង Famalicão កាលពីថ្ងៃសុក្រ។

ជាមួយគ្នានេះក្លិបមេឃខៀវ Man City ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ក្នុងការចំណាយ ៥៨លានអឺរ៉ូ សម្រាប់អ្នកចាំទីព័រទុយហ្គាល់ Costa ដែលកំពុងមានតម្លៃលើតុប្រមាណ ៧៥លានអឺរ៉ូក្នុងកិច្ចសន្យាដែលដល់ឆ្នាំ២០២៧ ។

ក្លិប FC Porto បានដាក់ក្តីសង្ឃឹងថា ការដេញថ្លៃលើអ្នកចាំទីរូបនេះនឹងជំរុញឱ្យតម្លៃកើនឡើង ប៉ុន្តែពួកគេចង់ឱ្យ Costa បន្តស្នាក់នៅសម្រាប់ជាជម្រើសល្អរបស់ក្រុមក្នុងការប្រកួតពាន FIFA Club World Cup នៅរដូវក្តៅនេះ ៕