(បរទេស)៖ ផែនការរបស់ក្រុមហ៊ុន Apple ក្នុងការបន្ថែមជម្រើសស្វែងរកដែលដំណើរការដោយ AI ទៅក្នុងកម្មវិធីរុករក Safari ត្រូវបានគេមើលឃើញថាប្រៀបបានជាបញ្ហាដ៏ធំមួយចំពោះ Google ដែលអាជីវកម្មផ្សាយពាណិជ្ជកម្មរកកម្រៃបានពឹងផ្អែកយ៉ាងខ្លាំងលើអតិថិជន iPhone តាមរយៈការប្រើ Goolge Search។ ដំណឹងនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Goolge បានធ្លាក់ចុះ ៧.៣% ភ្លាមៗ និងខាតបង់ប្រាក់អស់ប្រហែល១៥០ពាន់លានដុល្លារពីតម្លៃទីផ្សារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសភា ឆ្នាំ២០២៥។

ក្រុមហ៊ុន Apple ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Apple។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុន ដោយសារតែអ្នកប្រើប្រាស់ងាកទៅរក AI កាន់តែខ្លាំង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១.១%ផងដែរ ។ ងាកមកក្រុមហ៊ុន Google បានប្រកាសថា ខ្លួនបានបន្តមើលឃើញកំណើននៃចំនួនសំណួរស្វែងរកសរុបរួមទាំង «សំណួរសរុបដែលមកពីឧបករណ៍ និងវេទិការបស់ក្រុមហ៊ុន Apple»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្លុករបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានសរសេរថា «មនុស្សកំពុងមើលឃើញថា Google Search មានប្រយោជន៍ជាង នៅពេលពួកគេមានសំណួរនានា ហើយពួកគេកំពុងចូលប្រើវាសម្រាប់អ្វីថ្មី និងតាមរបៀបថ្មី»។ Google បាន​លើក​ឡើង​ពី​លក្ខណៈ​ពិសេស​នៃ​ការ​ស្វែងរក​ដោយ​សំឡេង និង​រូបភាព​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​កើន​ឡើង​បរិមាណ​ការ​ស្វែងរក​សរុប។

ទោះជាយ៉ាងនេះក្តី ការអត្ថាធិប្បាយរបស់នាយកជាន់ខ្ពស់របស់ក្រុមហ៊ុន Apple ខាងលើ បានបង្ហាញថាការផ្លាស់ប្តូរនៅក្នុងកម្មវិធីការស្វែងរករបស់ Apple ទំនងជាកំពុងដំណើរការ ដែលជាការគំរាមកំហែងដល់អាជីវកម្មស្វែងរកដ៏លេចធ្លោរបស់ Google។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា Google គឺជាម៉ាស៊ីនស្វែងរកលំនាំដើមនៅលើកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់ Apple។ ខណៈកន្លងទៅតាមរយៈមុខងារស្វែងរកនេះ Google បង់ប្រាក់ឱ្យក្រុមហ៊ុនផលិត Apple ប្រហែល ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ ឬប្រហែល ៣៦% នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មលើកម្មវិធីរុករក Safari ។

នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយនៅក្នុងការផ្តល់សក្ខីកម្មមួយកាលពីខែមុនថា Google សង្ឃឹមថានឹងចុះកិច្ចព្រមព្រៀងជាមួយ Apple នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីបញ្ចូលបច្ចេកវិទ្យា Gemini AI របស់ខ្លួននៅលើទូរស័ព្ទថ្មី។ Bloomberg បានរាយការណ៍ថា លោក Cue នាយកជាន់ខ្ពស់របស់ Apple កាលពីថ្ងៃពុធក៏បាននិយាយថា ក្រុមហ៊ុននឹងបន្ថែមមុខងារស្វែងរកដំណើរការដោយ AI រួមទាំង OpenAI និង Perplexity AI ជាជម្រើសស្វែងរកនាពេលអនាគត។