(អឺរ៉ុប)៖ ការប្រកួតលីគលំដាប់ទី២ និងទី៣ តំបន់អឺរ៉ុបពេលនេះរកឃើញក្រុមបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយក្នុងនោះមានក្រុមមកពីលីគអង់គ្លេសដល់ទៅ ៣ក្រុម ត្រូវប្រជែងដណ្តើមពាន គឺមានការប៉គ្នារវាងក្រុម Manchester United ទល់ក្រុម Tottenham Hotspur ដណ្តើមពាន UEL ហើយក្រុម Chelsea ប៉ះក្រុម Real Betis ប្រជែងយកពាន UECL ។

មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះអតីតក្រុមជើងឯកពាន UEFA Europa League 2016-17 ១លើក បិសាចក្រហម បានឆ្លងកាត់ការយកឈ្នះក្រុម Athletic Club លទ្ធផលទាំងពីជើង ៧-១ ពីវគ្គ ៤ក្រុមចុងក្រោយ ជាមួយនឹងគូប្រជែង Spurs ដែលធ្លាប់ឈ្នះពាននេះ ២សម័យកាលកន្លងមកនោះ ក៏បានបំបាក់ក្រុម Bodoe/Glimt លទ្ធផលសរុបទាំងពីរជើង ៥-១ នាំឱ្យក្រុមមាន់ខ្នាយមាសស្គាល់ការឡើងដណ្តើមពានជាថ្មីម្តងទៀត គិតចាប់តាំងពីឈ្នះជើងឯក League Cup 2008 ។

សូមជម្រាបផងថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានលីគទី២ អឺរ៉ុប នឹងលេងនៅថ្ងៃទី២១ ខែឧសភានេះ នៅទីកីឡដ្ឋាន San Mames ទីក្រុង Bilbao ហើយជំនួបរវាងក្រុម Chelsea ទល់ Real Betis លេងនៅថ្ងៃទី២៨ ខែដដែលនេះ នៅកីឡដ្ឋាន Wroclaw ប្រទេសប៉ូឡូញ ៕