(រ៉ូម)៖ ជើងខ្លាំងឈរនៅលំដាប់លេខ១ ពិភពលោក Jannik Sinner បានឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Italian Open 2025 ទល់នឹងគូប្រជែងមកពីអេស្ប៉ាញ Carlos Alcaraz នាថ្ងៃអាទិត្យស្អែកនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តារាតេន្នីស Sinner បានទម្លាក់ Tommy Paul ដែលឈរនៅចំណាត់ថ្នាក់លេខ១១ ពិភពលោកមកពីអាមេរិក ដោយលទ្ធផលពិន្ទុ ១-៦ ៦-០ និង ៦-៣ និងជាកម្មវិធីដំបូងដែលកីឡាករអ៉ីតាលីរូបនេះចូលរួម ក្រោយពេលរួចបម្រាម ៣ខែពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង។
ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងលើទីលានដីឥដ្ឋ ស្ថិតក្នុងទីក្រុង Rome ផងនោះ Sinner វ័យ ២៣ឆ្នាំ បានបង្កើនកំណត់ត្រាដល់ ២៦ប្រកួតមិនចាញ់ឡើយ ដោយត្រូវការជ័យជម្នះ ១លើកទៀតប៉ុណ្ណោះ ដើម្បីលើកពាន Italian Open សម្រាប់វិញ្ញាសាវាយទោល ផ្នែកបុរសគិតចាប់តាំងពី Adriano Panatta ធ្វើបានសម្រេចកាលឆ្នាំ១៩៧៦។
ទន្ទឹមគ្នានោះដែរ កាលពីព្រឹកថ្ងៃសុក្រ Alcaraz ក៏បានទម្លាក់ម្ចាស់ផ្ទះអ៉ីតាលី Lorenzo Musetti ដោយពិន្ទុ ៦-៣ និង ៧-៦ (៧-៤) ដែលជាទម្រង់លេងដ៏ល្អមួយរបស់អតីតជើងឯកក្របខណ្ឌ Grand Slam ៤សម័យរូបនេះ ត្រៀមចូលរួមលេងពាន French Open ចាប់ផ្តើមចុងខែនេះ៕