(បរទេស)៖ ក្រសួងសុខាភិបាលរុស្ស៊ី តាមរយៈទីភ្នាក់ងារព័ត៌មាន TASS បានប្រកាសថា វ៉ាក់សាំង mRNA ថ្មីនឹងជួយប្រព័ន្ធភាពស៊ាំក្នុងការទទួលស្គាល់និងបំផ្លាញកោសិកាមហារីក។ វ៉ាក់សាំងនេះកំពុងបង្ហាញសញ្ញាពោរពេញដោយសេចក្ដីសង្ឃឹមក្នុងការបង្រួមការលូតលាស់របស់សាច់ដុំមហារីក និងការចម្លងទៅផ្នែកផ្សេងៗនៃរាងកាយ។
វាជាលទ្ធផលនៃការសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន ហើយបានកំណត់ជាជំហានសំខាន់មួយសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា mRNA ក្នុងការព្យាបាលមហារីកនិងជំងឺផ្សេងទៀតដូច COVID-19។ បើទោះបីជារុស្ស៊ីមិនទាន់បង្ហាញព័ត៌មានលម្អិតច្រើនដូចជាប្រភេទមហារីក ឬលទ្ធផលនៃការសាកល្បងជាក់លាក់នោះក៏ដោយ ក៏វាជាចំណាត់ថ្នាក់ថ្មីមួយដែលប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ក៏កំពុងដើរតាមផ្លូវដូចគ្នា ដោយក្រុមហ៊ុនវេជ្ជសាស្ត្រដូចជា Moderna និង Merck កំពុងស្រាវជ្រាវវ៉ាក់សាំងមហារីកផងដែរ។
គួរជម្រាបថា ទោះព័ត៌មាននេះគួរជាការសាទរក៏ពិតមែ តែអ្នកជំនាញនៅតែមានការប្រុងប្រយ័ត្ន ហេីយត្រូវការព័ត៌មានបង្ហាញតាមវិទ្យាសាស្ត្រជាក់ស្តែង។ បើជោគជ័យ វ៉ាក់សាំងនេះអាចនឹងបង្កើតការផ្លាស់ប្តូរយ៉ាងធំដល់វិធីសាស្ត្រព្យាបាលមហារីកក្នុងពេលអនាគតនិងជាជម្រើសឱសថផ្ទាល់ខ្លួនដែលមានគោលដៅច្បាស់លាស់សម្រាប់អ្នកជំងឺទូទាំងពិភពលោក។