(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន BYD បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ខ្លួននៅថ្ងៃចន្ទសប្តាហ៍នេះ ពោលគឺនៅទីផ្សារហុងកុង ភាគហ៊ុនបានធ្លាក់ចុះ ៦.៥៣% និងនៅទីផ្សារចិន (Shenzhen) ភាគហ៊ុនធ្លាក់ ៣.៨៩%។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNEV Post នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

តាមការចេញផ្សាយបានឲ្យដឹងថា មូលហេតុនៃការធ្លាក់ចុះនេះ គឺបណ្តាលមកពីការប្រកួតប្រជែងតម្លៃកាន់តែខ្លាំង ជាពិសេសនៅពេលដែលក្រុមហ៊ុនបានប្រកាសពីការបញ្ចុះតម្លៃលើរថយន្តចំនួន ២២ម៉ូដែល ដែលបញ្ចុះពី១០% ដល់ ៣០% ហើយនឹងមានសុពលភាពរហូតដល់ចុងខែមិថុនា។ អ្នកវិនិយោគកំពុងបង្ហាញការព្រួយបារម្ភថា ការបញ្ចុះតម្លៃបែបនេះអាចធ្វើឲ្យ ប្រាក់ចំណេញរបស់ BYD ថយចុះ ហើយអាចបង្កឲ្យមានសង្គ្រាមតម្លៃ (Price War) ក្នុងវិស័យរថយន្តអគ្គិសនី ជាថ្មី។

ទោះបីជាមានបញ្ហា BYD នៅតែបន្តខ្លាំង តែក្នុងត្រីមាសទីមួយឆ្នាំ ២០២៥ BYD បានលក់រថយន្តអគ្គិសនីជាង ១លានគ្រឿង ដែលជាចំនួនបីដងនៃការលក់របស់ Tesla ក្នុងរយៈពេលដូចគ្នា។ ក្រុមហ៊ុនក៏កំពុងពង្រីកទីផ្សារអន្តរជាតិក្នុងបណ្ដាប្រទេសដូចជា ថៃ, ប្រេស៊ីល និងហុងគ្រី ដើម្បីក្សារមុខជាអ្នកដឹកនាំវិស័យរថយន្តអគ្គិសនី ។ ការបញ្ចុះតម្លៃរបស់ BYD បង្ហាញពីយុទ្ធសាស្ត្រដើម្បីបន្ថែមភាគហ៊ុនទីផ្សារ ទោះបីជាធ្វើឲ្យប្រាក់ចំណេញខ្លះៗថយចុះក៏ដោយ។ វាជាការឆ្លើយតបមួយយ៉ាងច្បាស់លាស់ចំពោះការប្រកួតប្រជែងកាន់តែខ្លាំងក្នុងវិស័យរថយន្តអគ្គិសនី៕