(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាករបស់សិល្បកររៀមច្បង គឺតារាសម្ដែងជើងចាស់ លោក ច័ន្ទ រិទ្ធមេធានី បានធ្វើឱ្យតារាចម្រៀង ខេមរៈ សិរីមន្ត មានការអាណិតអាសូរជាខ្លាំង និងបានផ្តល់ជូនជាថវិកា ព្រមទាំងសម្ភារៈខ្លះៗជូនដល់សិល្បកររៀមច្បង ដើម្បីដោះស្រាយបញ្ហាជីវភាព។
ដូចមហាជនបានឃើញស្រាប់ហើយថា មួយរយៈពេលមុន អតីតារាសម្តែងរៀមច្បងលោក ច័ន្ទ រិទ្ធមេធានី បានប្រកាសថា ខ្លួនមានជំងឺនិងស្វែងរកជំនួយដើម្បីដោះស្រាយជីវភាព ព្រោះខ្លួនមិនអាចចេញទៅរត់ផាស់អេបដូចមុនបានទេ។ ទន្ទឹមនឹងការប្រកាសសុំជំនួយបែបនេះ ក៏មានសប្បុរសជនមួយចំនួនបានជួយជាហូរហែ ក្នុងនោះតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានផ្តល់ជាថវិកា និងសម្ភារៈខ្លះៗជូនដល់លោក ច័ន្ទ រិទ្ធមេធានី ផងដែរ។
តារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបរាប់ប្រាប់ថា «ដោយក្តីគោរពស្រឡាញ់ចំពោះសិល្បកររៀមច្បង ច័ន្ទ រិទ្ធមេធានី ដែលបងមានបញ្ហាសុខភាព និងបញ្ហាជីវភាព ប្អូនចូលរួមជូនថវិកា និងសម្ភារៈខ្លះៗជូនបង ដោយស្រាយបញ្ហាជីវភាពបានមួយរយៈដែរ បើបងប្អូនសិល្បៈករណាចង់ជួយគាត់អាចជួយបានក្នុងនាមជាខ្មែរដូចគ្នា»។
បន្ទាប់ពីឃើញពីសកម្មភាពរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បែបនេះ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការកោតសរសើរ នូវទង្វើរដ៏ល្អរបស់លោកចំពោះអ្នកមានជីវភាពខ្វះខាត។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងលោក ខេមរៈ សិរីមន្ត តែងតែលេចមុខនៅក្នុងការងារសប្បុរសធម៌ និងជួយដល់សិល្បករដែលមានជីវភាពខ្វះខាត កន្លងមកលោកបានជួយសិល្បករជាច្រើនផ្សេងទៀត ទៅតាមលទ្ធភាពដែលខ្លួនមាន។ តារាចម្រៀង ខេមរៈ សិរីមន្ត នៅតែអះអាងថា លោកនឹងបន្តជួយដល់សិល្បករ ឬអ្នកដែលមានជីវភាពលំបាកទៅតាមសមត្ថភាពរបស់ខ្លួនមាន៕