(បរទេស)៖ ម្ចាស់ជើងឯកពានលំដាប់ទី១ អឹរ៉ុប UEFA Champions League 2024-25 ថ្មីថ្មោង Paris Saint Germain នឹងត្រូវប្រឈមមុខនឹងក្រុម Tottenham Hotspur ដើម្បីប្រជែងជើងឯកពានបើករដូវកាល Super Cup 2025-26 នារាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

ជំនួបតែ ១ប្រកួតលើកពាននេះដែរ នឹងធ្វើឡើងនៅកីឡដ្ឋានរបស់ក្លិប Udinese សមាជិកលេងនៅ Serie A បច្ចុប្បន្ន មានមូលដ្ឋានស្ថិតនៅទីក្រុង Udine ប្រទេសអ៉ីតាលី។

ជាការកត់សម្គាល់ផងដែរសម្រាប់ក្រុមរបស់បារាំង និងអង់គ្លេសទាំងពីរនេះ ក្រោយពេលមាន់ខ្នាយមាស ដណ្តើមបានជើងឯកពានរង្វាន់កម្រិតទី២ អឺរ៉ុប UEFA Europa League 2024-25 ដែលបានយកឈ្នះ Manchester United ១ទល់នឹង០ ហើយ PSG វិញបានបំបាក់ Inter Milan ៥-០ មិនឱ្យតដៃរួចនៅរាត្រីឆ្លងចូលខែមិថុនាយប់មិញ។

ទោះជាយ៉ាងណា ទាំង PSG និង Spurs សុទ្ធតែទទួលបានកៅអីលេងវគ្គចែកពូល UCL ដោយស្វ័យប្រវតិ្តក្រោមទម្រង់ថ្មី ៤៨ក្រុមជំនាន់ទី២ ដូចគ្នា គ្រាដែលក្រុមជើងឯកបារាំង បានប្រើពេលអស់ ៥០ឆ្នាំ ដើម្បីឈ្នះ UCL ជាប្រវត្តិសាស្រ្ត ហើយ Spurs វិញបានស្គាល់រសជាតិពាន UEL ជាលើកទី៣ សម្រាប់ពួកគេ៕