(បរទេស)៖ លោក Glan Piero Gasperini ដែលបានដឹកនាំ Atalanta បំបាក់ Bayer Leverkusen ៣-០ ដើម្បីឈ្នះជើងឯក UEFA Europa League 2023-24 បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកហើយ បន្ទាប់ពីឈរជើងបាន ៩ឆ្នាំមកនេះ។

ការប្រកាសចាកចេញនេះដែរ វាក៏ស្របពេលកិច្ចសន្យាចាស់របស់បុរសវ័យ ៦៧ឆ្នាំរូបនេះ អស់សុពលភាពនាបំណាច់រដូវកាលនេះ ដោយលោកបានទម្លាយកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា នឹងមិនបន្តកិច្ចសន្យាទៀតនោះទេ។

កន្លងមកលោក Gasperini ក៏ត្រូវបានគេទាក់ទង ដើម្បីទៅដឹកនាំក្លិបរួមលីគអ៉ីតាលីគឺ AS Roma ជំនួសកៅអីលោក Claudio Ranieri ដែលបានប្រកាសចូលនិវត្តន៍ពីអាជីពគ្រូបង្វឹកនេះ។

លោក Gasperini បានថ្លែងដែលបានដកស្រង់ចេញផ្សាយដោយ BBC ផងថា «វាមានរយៈពេលត្រឹមតែ ២ទៅ៣ម៉ោងចុងក្រោយប៉ុណ្ណោះ ដែលខ្ញុំបានសម្រេចចិត្តថាចាកចេញចំពោះរឿងរ៉ាវដ៏អស្ចារ្យ ក្នុងរយៈពេល ៩ឆ្នាំមកនេះ។ ខ្ញុំមិនចង់និយាយពាក្យលាទេ ព្រោះខ្ញុំមិនចូលចិត្តវាឡើយ»

គួរជម្រាបផងថា ស្ថិតក្រោមការបង្វឹករបស់លោក Gasperini នោះ Atalanta បានបង្ហាញខ្លួនក្នុងពានកម្រិតកំពូលអឺរ៉ុប UEFA Champions League ជាលើកដំបូង និងស្គាល់រសជាតិពានលំដាប់ទី២ អឺរ៉ុប UEL ក្នុងប្រវតិ្តសាស្រ្តរបស់ពួកគេដែរ៕