(បរទេស)៖ សារព័ត៌មាន The Information បានរាយការណ៍ថា ក្រុមហ៊ុន Amazon កំពុង​អភិវឌ្ឍ​កម្មវិធី (software) សម្រាប់​មនុស្សយន្តដែលមានរូបរាង​ដូច​មនុស្ស (humanoid robots) ដែល​អាច​នឹង​ជំនួស​ការងារ​របស់​អ្នក​ដឹកជញ្ជូន​បាន​នាពេល​អនាគត។ នេះ​បើ​យោងតាមការចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។

របាយការណ៍​បាន​បន្ថែម​ថា Amazon កំពុង​បញ្ចប់​ការ​សាងសង់ «humanoid park» ដែល​ជា​ទីលាន​ឧបសគ្គ​ក្នុង​អគារ ឬទីកន្លែងបិទជិត នៅ​ការិយាល័យ​មួយ​របស់​ក្រុមហ៊ុន​ក្នុង​ទីក្រុង San Francisco រដ្ឋ California ជាទី​ដែល​ក្រុមហ៊ុន​នឹង​សាកល្បង​មនុស្សយន្ត​ទាំងនេះ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ឧបសគ្គ​ទាំងនោះ​អាច​ជា​ជណ្ដើរ ផ្លូវ​រអិល ធ្នើរ​សម្រាប់​ដាក់​ទំនិញ ឬ​របស់របរ​ផ្សេងៗ​ដែល​មនុស្សយន្ត​អាច​ជួប​ប្រទះ​ក្នុង​បរិយាកាស​ដឹកជញ្ជូន ឬ​ឃ្លាំង​ពិតប្រាកដ។

របាយការណ៍ពី The Information ដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនក៏​កំពុង​អភិវឌ្ឍ​កម្មវិធី​បញ្ញាសិប្បនិម្មិត (AI) ដែល​នឹង​ដំណើរការ​មនុស្សយន្ត​ទាំងនេះ ហើយ​សម្រាប់​ពេល​បច្ចុប្បន្ន Amazon មាន​គម្រោង​ប្រើប្រាស់​គ្រឿងបរិក្ខារ​ពី​ក្រុមហ៊ុន​ដទៃ​ទៀត​ក្នុង​ការ​ធ្វើតេស្ត​របស់​ខ្លួន។ យ៉ាងណា ជុំវិញព័ត៌មានលម្អិត Amazon នៅមិនទាន់មាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នោះទេ។

គួរជម្រាបថា ក្នុង​សេចក្តី​ប្រកាស​ជាបន្តបបន្ទាប់​នៅ​ថ្ងៃ​ពុធសប្តាហ៍នេះ Amazon បាន​បង្ហាញ​ពី​របៀប​ដែល​មនុស្សយន្ត​ក្នុង​ឃ្លាំង អ្នក​ដឹកជញ្ជូន និង​ឃ្លាំង​ដ៏​ធំទូលាយ​របស់​ខ្លួន នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​ពន្លឿន​ការ​ដឹកជញ្ជូន​កញ្ចប់​ទំនិញ​ទៅ​ដល់​ទ្វារ​ផ្ទះ​អតិថិជនផងដែរ៕