(បរទេស)៖ កីឡាករប្រដាល់សកល Vasiliy Lomachenko បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយបានលាឈប់ពីប្រដាល់ឈឺសាច់នេះត្រឹមវ័យ ៣៧ឆ្នាំប៉ុណ្ណោះ ក្រោយប្រឡូកបានជាង ១០ឆ្នាំមកនេះ។
Lomachenko ជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ប្រភេទទម្ងន់ផ្សេងគ្នា ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាកីឡាករប្រដាល់អាជីពកាលឆ្នាំ២០១៣ មក។
គាត់បានបន្សល់ទុកនូវជ័យជម្នះ ១៨ប្រកួត បរាជ័យ ៣លើក មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូសន្លប់បាន ១៨លើកផងដែរ ក្នុងចំណោមឡើងសង្វៀនសរុបចំនួន ២១លើក។ Lomachenko បានផ្តួលជើងខ្លាំង George Kambosos ឱ្យបោះបង់ការប្រកួតនៅទឹកទី១១ ដើម្បីបន្តកាន់កាប់ខ្សែក្រវាត់ IBF នាអំឡុងខែឧសភា ឆ្នាំ២០២៤ ដែលជា ១ប្រកួតចុងក្រោយរបស់លោក។
ជាមួយនឹងពាក្យលាដែល Lomachenko បានបង្ហោះនៅលើបណ្តាញសង្គមដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ខ្ញុំសូមថ្លែងអំណរគុណគ្រប់យ៉ាង នៅពេលអាជីពរបស់ខ្ញុំបានមកដល់ទីបញ្ចប់ ក្នុងនាមកីឡាករម្នាក់ដែលទទួលបានជោគជ័យពិតប្រាកដនាពេលនេះ។ ឪពុករបស់ខ្ញុំធ្លាប់បង្រៀនខ្ញុំដោយមិនត្រឹមធ្វើជាអ្នកប្រដាល់ដ៏ល្អម្នាក់ទេ ក៏ត្រូវបំពេញតួនាទីឪពុកល្អសម្រាប់កូនៗដែរ»។
គួរបញ្ជាក់ផងថា ក្នុងអាជីពប្រដាល់អស់ ១២ឆ្នាំមកនេះ Lomachenko ក៏ដណ្តើមបានមេដាយមាស កីឡាអូឡាំពិក រដូវក្តៅ ២សម័យផងដែរ ពោលគឺ Beijing Olympics 2008 នៅចិន និង London 2012 នៅអង់គ្លេស៕