(រ៉ូម)៖ អតីតគ្រូបង្វឹកក្លិប Atalanta ដែលដឹកនាំឈ្នះជើងឯក UEFA Europa League 2024 គឺលោក Gian Piero Gasperini ត្រូវបានតែងតាំងដឹកនាំក្លិបរមាស AS Roma ដើម្បីជំនួសកៅអីលោក Claudio Ranieri ដែលបានលាឈប់ ពេលចប់រដូវកាលនេះ។

មុនពេលលាឈប់ពី Atalanta ក្រោយចប់រដូវកាលឆ្នាំ២០២៤-២៥ លោក Gasperini បានដឹកនាំពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៃលីគ Serie A របស់អ៉ីតាលី ជាតំបន់ទទួលបានកៅអីស្វ័យប្រវត្តិផងដែរលេងពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ។

អតីតគ្រូបង្វឹកតោខៀវ Chelsea និងដឹកនាំ Leicester City ឈ្នះជើងឯក Premier League កាលឆ្នាំ២០១៦ Ranieri បានចុះចេញពីតំណែងគ្រូបង្វឹកធំ Roma នៅពេលពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងលីគ និងមានកៅអីលេងពាន Europa League រដូវកាលក្រោយទៀតផង ដើម្បីចូលកាន់តួនាទីសមាជិកប្រតិបត្តិ ក្នុងក្លិបនេះដដែលស្ថិតក្នុងវ័យ ៧៣ឆ្នាំ។

ចំណែកឯលោក Gasperini វ័យ ៦៧ឆ្នាំវិញ បានចំណាយពេលដឹកនាំ Atalanta ៩ឆ្នាំមុនពេលចាកចេញ ដោយរួមចំណែកជួយពួកគេដណ្តើមបានពានលំដាប់ទី២ អឹរ៉ុប UEL កាលឆ្នាំ២០២៤ ក្រោយបំបាក់ Bayer Leverkusen ដែលលេងមិនចាញ់ក្នុងលទ្ធផល ៣ទល់នឹង០ វគ្គផ្តាច់ព្រ័ត្រ៕