(បរទេស)៖ ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិត iPhone ដ៏ធំបំផុតរបស់ Apple បានបង្កើនការនាំចេញយ៉ាងខ្លាំងស្ទើរតែ ៩៧% នៃទូរស័ព្ទ iPhone ដែលផលិតនៅឥណ្ឌា ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលបីខែចុងក្រោយនេះ ចន្លោះពីខែមីនា ដល់ឧសភា។ នេះបើយោងតាមទិន្នន័យគយដែល Reuters ទទួលបាន នឹងបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ Apple ដើម្បីគេចផុតពីពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ដែលបានដាក់លើទំនិញពីប្រទេសចិន។
តាមរយៈរបាយការណ៍ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះបានបង្ហាញថា ការនាំចេញទូរស័ព្ទ iPhone ពីឥណ្ឌាដោយក្រុមហ៊ុន Foxconn ក្នុងរយៈពេលនេះ មានតម្លៃសរុប ៣,២ ពាន់លានដុល្លារ។ តួលេខនេះបានកើនឡើងយ៉ាងគំហុក បើធៀបនឹងមធ្យមភាគប្រចាំឆ្នាំ ២០២៤ ដែលមានត្រឹមតែ ៥០% ប៉ុណ្ណោះ ដែលការនាំចេញទាំងនោះត្រូវបានចែកចាយទៅកាន់បណ្តាលប្រទេសនានា រួមមាន ហូឡង់ សាធារណរដ្ឋឆែក និងចក្រភពអង់គ្លេស។
ការផ្លាស់ប្តូរនេះបង្ហាញថា Apple បានបង្កើនការនាំចេញពីឥណ្ឌារបស់ខ្លួន ស្ទើរតែទាំងស្រុងដើម្បីបម្រើទីផ្សារសហរដ្ឋអាមេរិក។ ជាពិសេស នៅក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន Foxconn បាននាំចេញទូរស័ព្ទ iPhone ពីឥណ្ឌាទៅសហរដ្ឋអាមេរិក ដែលមានតម្លៃជិត ១ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតទីពីរ បន្ទាប់ពីកំណត់ត្រា ១,៣ ពាន់លានដុល្លារនៅក្នុងខែមីនា។
ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ Foxconn បានបញ្ជូនទូរស័ព្ទ iPhone ដែលមានតម្លៃ ៤,៤ ពាន់លានដុល្លារទៅសហរដ្ឋអាមេរិកពីប្រទេសឥណ្ឌា ដែលលើសពីចំនួនសរុប ៣,៧ ពាន់លានដុល្លារដែលបាននាំចេញពេញមួយឆ្នាំ ២០២៤។ បន្ថែមពីនេះ Foxconn ក៏បានវិនិយោគ ២.៦ ពាន់លានដុល្លារនៅក្នុងរោងចក្រមួយនៅ Bengaluru ដែលបានចាប់ផ្តើមប្រតិបត្តិការក្នុងខែឧសភា ដែលនឹងជួយបង្កើនសមត្ថភាពនាំចេញរបស់ Apple យ៉ាងច្រើនផងដែរ។
គួរជម្រាបថា ការជំរុញផលិតកម្មរបស់ Apple នៅក្នុងប្រទេសឥណ្ឌា គឺដើម្បីគេចវេសពីពន្ធនាំចូល ដែលអាចធ្វើឲ្យទូរស័ព្ទដែលដឹកជញ្ជូនពីប្រទេសចិនទៅសហរដ្ឋអាមេរិក មានតម្លៃថ្លៃខ្លាំង។ រដ្ឋាភិបាលឥណ្ឌាក៏កំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីជៀសវាងពន្ធ «តបត» ២៦% ដែលលោក Donald Trump បានប្រកាស និងផ្អាកកាលពីខែមេសា។ ការបង្កើនផលិតកម្មរបស់ Apple នៅឥណ្ឌា ក៏បានទទួលការរិះគន់យ៉ាងខ្លាំងពីលោក Trump កាលពីខែឧសភាផងដែរ៕